បទយកការណ៍៖ អ្នកនាំចេញអង្ករកម្ពុជា កំពុងតែណែនាំបច្ចេកវិទ្យាថ្មីមួយ នៅក្នុងការធ្វើពាណិជ្ជកម្មអង្ករ

AKP ភ្នំពេញ ថ្ងៃទី 0៤ ខែ សីហា ឆ្នាំ២០២០–

ក្រុមហ៊ុននាំចេញអង្ករកម្ពុជាមួយកំពុងតែណែនាំនូវបច្ចេកវិទ្យាថ្មីមួយសម្រាប់បម្រើដល់ការធ្វើពាណិជ្ជកម្ម ឬការជួញដូរស្រូវអង្ករតាមរយៈខ្សែសង្វាក់អាជីវកម្ម នៃប្លកមួយ ដែលភាសាអង់គ្លេសគេហៅថា BlocRice ។

លោក សុង សារ៉ន ជាប្រធានក្រុមហ៊ុន អេមរុ រ៉ាយស៍ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា ប្លករ៉ាយ (BlocRice) នេះអាចដំណើរការបានដោយការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាពីរទៀត គឺទីមួយ គេហៅថា ប្លកឆេន (Bloc Chain ) និង កម្មវិធីគ្រប់គ្រងកសិដ្ឋាន ដែលភាសាអង់គ្លេសហៅថា Farm Management ។

លោកបានបន្តថា តាមរយៈបច្ចេកវិទ្យាដែលហៅថា ប្លកឆេននេះគឺអាចឲ្យអ្នកដែលប្រើប្រាស់ស្រូវអង្ករអាចនឹងទំនាក់ទំនងជាមួយនឹងកសិករទៅវិញទៅមកបាន ។ ហើយមិនតែប៉ុណ្ណោះតាមរយៈបច្ចេកវិទ្យានោះ ពួកគេក៏អាចដឹងព័ត៌មានលំអិតតាំងពីដំណើរការនៃការផលិត គុណភាព តម្លៃ និង ចំណូល របស់អ្នកផលិតអង្ករ ។

លោកបានបន្តទៀតថា ប្រព័ន្ធបច្ចេកវិទ្យានេះគឺជាប្រព័ន្ធមួយដែលនឹងជំរុញឲ្យការធ្វើពាណិជ្ជកម្ម ឬក៏ជូញដូរស្រូវអង្ករកម្ពុជាមានទំនុកចិត្ត និងតម្លាភាពរវាងអ្នកទិញ ឬអ្នកប្រើប្រាស់ជាមួយនឹងកសិករដែលជាអ្នកផលិតស្រូវអង្ករផ្ទាល់ ។

លោកបានបន្តទៀតថា អ្នកដែលអនុវត្តការលក់ និងការបញ្ជាទិញស្រូវអង្ករតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺទំនើបដោយរវាងអ្នកទិញ និងអ្នកលក់គឺមិនចាំបាច់ត្រូវការក្រដាស ឬត្រូវការការទូទាត់តាមរយៈក្រដាសប្រាក់អ្វីឡើយ ។ ដោយប្រតិបត្តិករនេះ គឺធ្វើការទូទាត់គ្នាដោះស្រាយបញ្ហាគ្នាដោយមិនចាំបាច់ជួបមុខគ្នាឡើយ ។ លោកបានបញ្ជាក់ថា ” នេះអាចនិយាយបានថា ជាកម្មវិធីជួញដូរស្រូវអង្ករវ័យឆ្លាតមួយ” ។

លោកបានបន្តទៀតថា សព្វថ្ងៃនេះប្រព័ន្ធនេះគឺបានរួមបញ្ចូលនូវប្រមាណជា ៦ ខ្សែសង្វាក់ផលិតកម្ម នៅក្នុងបច្ចេកវិទ្យាដែលហៅថា ប្លករ៉ាយ នេះ ដោយមានកសិករ រោងម៉ាស៊ីន ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនបញ្ជាទិញ និង បណ្តាហាងដៃគូដែលយកទៅលក់អង្ករ និងអ្នកដែលទិញអង្ករនោះទៅហូប ។

លោកបានបញ្ជាក់ថា “ទាំង៦ភាគីនៅលើខ្សែសង្វាក់ជួញដូរនេះ នរណារចង់មើលព័ត៌មាន ឬ ស្វែងយល់អំពីអ្វីគ្នា គឺបានទៅវិញទៅមក និយាយរួមម៉ាសង្វាក់ផលិតកម្មនេះតែម្តង “។

ដោយឡែកទាក់ទងជាមួយនឹងកម្មវិធីគ្រប់គ្រងកសិកម្មដែលហៅថា Farm Management វិញ គឺជា កម្មវិធីកាលវិភាគផលិតកម្មស្រូវមួយសម្រាប់បង្កើតផលិតផលស្រូវ ប្រកបដោយចីរភាព មិនបំពុលបរិស្ថាន មិនប្រើប្រាស់ទឹកខ្ជះខ្ជាយ ការប្រើប្រាស់ជីសម្រាប់ជម្រុញផលិតកម្មស្រូវ ។ កម្មវិធីទាំងនេះគឺមាននៅក្នុងទូរស័ព្ឌដៃរបស់កសិករម្នាក់ៗ។ កម្មវិធីនេះនឹងជួយដាស់តឿន កសិករឲ្យធ្វើស្រែតាមកាលវិភាគត្រឹមត្រូវតាមគន្លងផលិតកម្មស្រូវ។

លោកបានបន្តទៀតថា ប្រព័ន្ធក៏អាចជួយកាត់ត្រារបាយការណ៍ហិរញ្ញវត្ថុរបស់កសិករ ឬ ក៏សហគមន៍ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដោយគ្មាននរណាអាចចូលទៅផ្លាស់ប្តូរ ក៏ដោះដូរបានឡើយ ។

លោកបានបន្តទៀតថា បច្ចេកវិទ្យាទាំងនេះគឺដើម្បីជួយធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ពោលគឺតាំងពីដំណើរការនៃការដាំដុះ ការថែទាំ ការច្រូតកាត់ និងមានការកត់ត្រាច្បាស់លាស់។

លោកបានបន្តទៀតថា នៅក្នុងការដំណើរដំបូង ដែលជាដំណាក់កាលសាកល្បងគឺឃើញថា បានជោគជ័យលើការអនុវត្តជាមួយនឹងគ្រួសារកសិករចំនួន ៥០ គ្រួសារ ហើយនៅពេលនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលទី២ ដែលមានចំនួន ប្រមាណជា ៥០០ គ្រួសារ នៅពីរសហគមន៍ ។ ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុនគ្រោងនឹងជំរុញឲ្យបានពី ២០.០០០ ទៅ ៣០.០០០កសិករ។ ហើយជារួមគឺយើងចង់ណែនាំបច្ចេកវិទ្យានេះទៅដល់កសិករនៅទូទាំងប្រទេសទាំង អស់អាចចូលរួមបាន ។

លោកបានបន្តទៀតថា នេះគឺជាការរៀបចំសម្រាប់វិស័យកសិកម្មនៅកម្ពុជាពីព្រោះថា នៅ ពេលអនាគតមនុស្សម្នាក់ៗពិតជារវល់ និងមិនមានពេលវេលា ដូច្នេះបច្ចេកវិទ្យានេះ វាអាចជួយសម្រួលចំណុចនេះបាន ។
លោកបានបន្តទៀតថា នៅពេលអនាគត គេមិនចាំបាច់ទៅផ្សារទិញអង្ករទេ គេគ្រាន់តែមើលលើទូរស័ព្ទ ហើយចុចទៅ គឺមានគេដឹកជូនយើងហើយ ។

លោកបានបន្តទៀតថា ជាការពិត ការណែនាំនូវបច្ចេកវិទ្យានេះវាមិនមែនជាកិច្ចការងាយស្រួល សម្រាប់កសិករនៅពេលបច្ចុប្បន្ននេះទេ ប៉ុន្តែគឺជាការណែនាំសម្រាប់កសិករនៅពេលអនាគត។

ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ កសិករមួយរូប ឈ្មោះ ជុំ សម្បត្តិ ដែលបានឡើងមកទិញជីនៅផ្សារវាលរេញ នៅស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សព្វថ្ងៃនេះគាត់ កំពុងតែធ្វើស្រែ ប្រមាណជា ៤ ហតដែរ ប៉ុន្តែលោកមិនស្គាល់បច្ចេកវិទ្យានេះនៅឡើយទេ ។

លោក សម្បត្តិ ដែលមានវ័យ៦៤ ឆ្នាំបានថ្លែងថា ជាការពិតនៅភូមិស្រុករបស់លោកនាពេលបច្ចុប្បន្ននេះកំពុងតែធ្វើទំនើបកម្មនៃការធ្វើស្រែ ដោយឈប់ប្រើប្រាស់កម្លាំងសត្វពាហនៈនៅក្នុងការភ្ជួររាស់ទៀតហើយ គឺប្រើគោយន្ត និង ច្រូតកាត់ដោយម៉ាស៊ីន ។

លោកបានបញ្ជាក់ថា ” ថ្វីត្បិតតែខ្ញុំស្គាល់ គោយន្ត ស្គាល់ម៉ាស៊ីនភ្ជួរ តែដូចជាមិនដែលឭអាស្អីគេ ហៅថា ប្លករ៉ាយអីគេនោះនៅឡើយទេ” ។

លោកបានបន្តទៀតថា បើទោះបីជាលោកមិនដែលស្គាល់អ្វីដែលហៅថា ប្លករ៉ាយនោះក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកក៏ចង់សាកល្បងនិងចង់ស្គាល់ដែរ ។ លោកបានបញ្ជាក់ថា ” ចេះតែចង់ស្គាល់ហើយ អ្វីដែលថ្មី និងមានប្រយោជន៍” ។

ពាក់ព័ន្ធនឹងចំណុចនេះ លោកប្រធានក្រុមហ៊ុន អេមរុ រ៉ាយស៍ បានមានប្រសាសន៍ថា ជាការពិតមកដល់ពេលនេះ កសិករកម្ពុជាទូទៅនៅមិនទាន់ស្គាល់ ប្លករ៉ាយនេះទាំងអស់នៅឡើយទេ អ្នកដែលស្គាល់ ភាគច្រើនគឺកសិករជំនាន់ក្រោយ ហើយក្រុមហ៊ុនកំពុងតែសហការជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តដើម្បីធ្វើការផ្សព្វផ្សាយ៕

ដោយ ហេង បញ្ញា និង ជា វណ្ណៈ   រូបថតដោយ ជា វណ្ណៈ និង CRF