ថ្នាក់ដឹកនាំខេត្តក្រចេះ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណ:កម្មការទី៨ នៃព្រឹទ្ធសភា

AKP ក្រចេះ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តបានអញ្ជើញទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ នៃព្រឹទ្ធសភា និងគណៈប្រតិភូកាលពីរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។

ជំនួបរវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ ជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា ក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានសិក្សាឈ្វេងយល់ អំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យជំនាញ ជាមួយសមត្ថកិច្ចទទួលខុសត្រូវ នៅក្នុងខេត្តក្រចេះនិងលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ-១៩ផងដែរ ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានជម្រាបជូនលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងគណៈប្រតិភូ អំពីការផ្សព្វផ្សាយ និងអនុវត្តន៍ច្បាប់ លិខិតបទដ្ឋាននានា នៅក្នុងខេត្តក្រចេះដោយច្បាស់លាស់ តម្លាភាព គណនេយ្យភាព និងយុត្តិធម៌។

ទាក់ទងនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ-១៩ ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា នៅខេត្តក្រចេះគិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ លទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ-១៩ នៅក្នុងខេត្តមានគ្រួសារក្រីក្រមកផ្ទៀងផ្ទាត់ឈ្មោះសរុបចំនួន ២០.៧៧៧គ្រួសារ ស្មើនឹង ៩១,៩៥ភាគរយ នៃចំនួនគ្រួសារប្រជាពលរដ្ឋក្រីក្រសរុបចំនួន ២២.៥៩៥គ្រួ សារ ។ក្នុងនោះមានគ្រួសារក្រកម្រិត១ ចំនួន ៨.៩៩៨គ្រួសារ និងក្រកម្រិត២ មានចំនួន១១.៧៧៩គ្រួសារ ។

ឯកឧត្ដម វ៉ា ថន បញ្ជាក់ទៀតថា ក្រុមការងារបានធ្វើការអង្កេតតាមដានជាក់ស្តែងនៅតាមមូលដ្ឋាន ចង់ដឹងគ្រួសារណាក្រីក្រពិតប្រាកដ ឬក្លែងបន្លំ ដែលគិតមកដល់ពេលនេះយើងបានរកឃើញគ្រួសារក្លែងបន្លំដោយមិនមែនជាគ្រួសារក្រីក្រពិតប្រាកដ ហើយបានដកចេញពីបញ្ជីគ្រួសារក្រីក្រមានចំនួន ១០៤គ្រួសារ ទូទាំងខេត្តក្រចេះ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំសម្រាប់ខេត្តក្រចេះចំនួន ១.៨៣៣នាក់ ដែលចំណាយថវិកាសរុបចំនួន ៣.៧៩៧.៥០០.០០០រៀល ។

លោកជំទាវ មាន សំអាន បានមានប្រសាសន៍ថា ការជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះនៅពេលនេះ ជាកិច្ចការសំខាន់ដែលគណៈកម្មការទី៨ នៃព្រឹទ្ធសភាចង់ដឹងពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការអនុវត្តកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល របស់រដ្ឋបាលខេត្តក្រចេះ ដែលមានការពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ បញ្ហាប្រឈមនានា និងការសំណូមពររបស់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការ កត់ត្រាឱ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀតដើម្បីជាគំនិតនិងជំនាញសំដៅការអនុវត្តការងារនៅក្នុងស្ថាប័ន អង្គភាពរបស់ខ្លួនឱ្យទទួលបានជោគជ័យ។

លោកជំទាវ ក៏បានជំរុញដល់រដ្ឋបាលខេត្តក្រចេះ និងមន្ទីរ អង្គភាពជំនាញ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការការពារទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យមានការរាលដាលទៅក្នុងសហគមន៍ ។ បន្តចុះផ្សព្វផ្សាយពីវិធីការពារបញ្ចៀសខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។

ក្នុងឱកាសនោះដែរលោកជំទាវ មាន សំអាន បានស្នើឱ្យអាជ្ញាធរខេត្តត្រូវអនុវត្តន៍ឱ្យបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងពេលដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ និងបន្តអប់រំផ្សព្វផ្សាយនូវវិធានការ បង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព ៕ ដោយជួន សុជាតិ