មន្ទីរ​បរិស្ថានខេត្ត​ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិស្របតាមនីតិវិធីជាធរមាន» ដល់មន្ត្រីនគរបាលយុត្តិធម៌

AKP រតនគិរី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០–

នាព្រឹកថ្ងៃចន្ទ ១៤កើត​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោ ស័ក ព.ស. ២៥៦៤​ ត្រូវនឹងថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២០​ មន្ទីរ​បរិស្ថានខេត្ត​រតនគិរី​ ​សហការជាមួយអង្គការអភិរក្សអន្តរជាតិ CI បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិស្របតាមនីតិវិធីជាធរមាន» ក្រោមអធិបតីភាព លោក​ រ៉ា​ ​បូរ៉ាន់ឌី​ ព្រះរាជ​អាជ្ញា​រង​ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគីរី​​ និងលោក​ សាន​ ប៊ុនធឿន​ ចៅក្រម​ស៊ើបសួរ​ នៃសាលាដំបូងខេត្តរតនគិរី​។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់រូបភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសគឺមានមូលដ្ឋានគ្រឹះក្នុងការកសាងសំណុំរឿងបទល្មើសដល់ជនដែលប្រព្រឹត្ត ឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ក្នុងនាមមន្ត្រីនគរ បាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌។

គួររម្លឹកថា ការរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី«ការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិស្របតាមនីតិវិធីជាធរមាន» ដល់មន្ត្រីនគរបាលយុត្តិធម៌ និង ភ្នាក់ងារនគរ បាលយុត្តិធម៌ ធ្វើឡើងស្របពេលដែលមានការរំលោភយកដីឧទ្យានជាតិជាបន្តបន្ទាប់ ពីជនខិលខូចមួយចំនួន នៅក្នុងខេត្តរតនគិរី ៕ ដោយ ណយ នឿន (ប្រភពៈមន្ទីរបរិស្ថាន ខេត្តរតនគិរី)