ក្រសួង​ព័ត៌មាន និង​ក្រុមហ៊ុន CAM INFO SERVICES ចុះ​កិច្ចព្រមព្រៀង​ដំឡើង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ធនធានមនុស្ស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

AKP ភ្នំពេញ ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០
​ក្រសួង​ព័ត៌មាន និង​ក្រុមហ៊ុន CAM INFO SERVICES(CIS)​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ក្នុង​ការដំឡើង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ធនធានមនុស្ស តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​មន្ត្រីរាជការ​រប​ស់​ក្រសួង​ព័ត៌មាន​ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ នា​រសៀល​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ឯកឧត្តម សូ​នី វង្ស​វិសិដ្ឋ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​នៃ​ក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់ថា ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​នេះ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​មន្ត្រីរាជការ​រប​ស់​ក្រសួង​ព័ត៌មាន​ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទិន្នន័យ​ផ្សេងៗ​របស់​ក្រសួង​មុខងារសាធារណៈ ស្របតាម​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្ដម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​គោលបំណង បង្កើន​ការអភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រុងរឿង​។ ឯកឧត្ដម​បានបញ្ជាក់​ថា ដើម្បី​សម្រេច​នូវ​គោលបំណង​នេះ រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​ក្នុង​ការពង្រឹង​ក្រសួង​ស្ថាប័ន​នានា ដើម្បីឱ្យ​រាជរដ្ឋាភិបាល​ក្លាយទៅជា​រាជរដ្ឋាភិបាល អេឡិចត្រូនិក​(E-Government)​នាពេល​អនាគត​។ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ​បាន​បន្ដថា ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​នេះ នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​របស់​ក្រសួង​ព័ត៌មាន​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង ទិន្នន័យ​មន្ត្រីរាជការ របស់​ក្រសួង​ទាំង​ថ្នាក់ជាតិ និង​ទាំង​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទិន្នន័យ​ផ្សេងៗ​របស់​ក្រសួង​មុខងារសាធារណៈ​។ ឯកឧត្ដម​សង្ឃឹមថា ប្រព័ន្ធ​គ្រប់ គ្រង​ទិន្នន័យ​នេះ នឹង​ផ្តល់នូវ​ភាពងាយស្រួល​ច្រើន​ដល់​នាយកដ្ឋាន​ជំនាញ ក្នុងការ​កត់ត្រា ធ្វើ​បច្ចុប្បន្នភាព និង​ធ្វើ​របាយការណ៍​នានា​អំពី​ព័ត៌មាន​បុគ្គលិក មន្ត្រីរាជការ​ក្រសួង ប្រកបដោយ​ភាពច្បាស់លាស់ ត្រឹមត្រូវ ទាន់ពេលវេលា និង​តាម​តម្រូវការ​របស់​ថ្នាក់ដឹកនាំ និង​ក្រសួង ស្ថាប័ន​នានា​។​

​ឯកឧត្ដម អ៊ុក ប្រាថ្នា ក៏បាន​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​រៀបចំ ប្រព័ន្ធ​នេះ ឱ្យមាន​ភាពបត់បែន និង​មាន​ពិពិធ​កម្ម ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ជាក់ ស្តែង និង​តាម​ស្ថានភាព​របស់​ក្រសួង ព្រមទាំង​ធ្វើការ​បណ្តុះបណ្តាល​ដល់​ម​ន្ត្រី​ពាក់ព័ន្ធ ទាំងអស់​អំពី​ការប្រើប្រាស់​និង​ការថែទាំ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​នេះ ឱ្យទទួល​បានការ​យល់ ដឹង​ច្បាស់លាស់ និង​ស្ទាត់ជំនាញ​។

​សូមបញ្ជាក់​ផងដែរ​ថា​ការដំឡើង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ធនធានមនុស្ស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ក្រសួង​ព័ត៌មាន​នេះ នឹង​ជួយ​សម្រួល​ការងារ​នាយ​ក​ដ្ឋា​ន​បុគ្គលិក​ដូចជា​អាច​គ្រប់គ្រង​ទិន្នន័យ​ទូទៅ​របស់​មន្ត្រីរាជការ​ក្រសួង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់ អាច​កត់ត្រា​ទិន្នន័យ និង​ធ្វើ​បច្ចុប្បន្នភាព​របស់​មន្ត្រី​រាជការ​ក្រសួង​ការ​បាន​ទាន់ពេលវេលា និង​ជាប្រចាំ​ប្រកបដោយ​ភាពត្រឹមត្រូវ​។ អាច​កត់ត្រា ទិន្នន័យ និង ធ្វើ​បច្ចុប្បន្នភាព​ប្រាក់បៀវត្ស​រ៍​របស់​មន្ត្រីរាជការ​ក្រសួង​ទៅតាម​មុខងារ អតីតភាព​ច្បាស់ លាស់ និង​ត្រឹមត្រូវ ឬ​ការផ្ទេរ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​ក្រសួង​បាន​។ ទន្ទឹមនេះ ទទួល បាន​ភ្លាមៗ​នូវ​ទិន្នន័យ និង​បច្ចុប្បន្នភាព​អំពី​តួនាទី ភារកិច្ច​ការទទួលខុសត្រូវ​របស់​មន្ត្រីរាជការ​ក្រសួង ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​៕​ដោយ រិទ្ធី រូបថត​៖ ខឹម សុវណ្ណារ៉ា​