រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជា អធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តបាត់ដំបង ក្នុងពិធីនោះដែរ ក៏មានការចូលរួមពី ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធាន ក្រុមប្រឹក្សាខេត្តបាត់ដំបង មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការកងរាជអាវុធហត្ថ លោក ស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុង ស្រុកនិងមន្ទីរ អង្គភាពនានាជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ។

លោក ណុប ដារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តបាត់ដំបង បានធ្វើសេចក្តី ប្តេជ្ញាចិត្តថា ត្រូវតែគោរពគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ និងអនុវត្តន៍តាមលិខិតបទដ្ឋាន នានាព្រមទាំងបន្តអនុវត្តន៍ការងារឱ្យបានល្អប្រសើ ប្រកបដោយសាមគ្គីភាពផ្ទៃ ក្នុងតម្លាភាព ផងដែរ។

ឯកឧត្តម សក់ សេដ្ឋា បានជំរុញឱ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋានត្រូវអនុវត្តន៍តាមការ ណែនាំរបស់ថ្នាក់លើដែលបានដាក់ចុះ ស្តីអំពីការចុះផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ១៩ រលកទី២បន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងពីក្រៅប្រទេសមកក្នុងស្រុកយើងបន្ថែម ទៀត ពិសេសការឆ្លងជំងឺនេះនៅតាមសហគមន៍យើង ហើយបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យធ្វើដំណើរតាមដងផ្លូវសូមគោរពច្បាប់ជាចម្បង ដើម្បីកាត់ បន្ថយអាត្រាគ្រោះថ្នាក់ និងស្លាប់ឱ្យមានការថយចុះទើបជាការប្រសើ។

ឯកឧត្តមរដ្ឋលេខាធិការ សូមឱ្យអាជ្ញាធរខេត្តត្រូវទប់ស្កាត់ និងឆ្លើយតបបន្ទាន់នូវព័ត៌ មានមិនពិតមួយចំនួន ដែលមានចរិតអុចអាលញុះញង់ធ្វើឱ្យមានការវឹកវរ និងប៉ះពាល់ដល់ កិត្តិយសសង្គមជាតិយើងនិងទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន សូមសមត្ថកិច្ច ពាក់ព័ន្ធបន្តសហការគ្នាឱ្យបានល្អ

ក្នុងនោះដែរ ឯកឧត្តម សក់ សេដ្ឋា បានណែនាំឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល ខេត្តជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគាត់ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារ ដោយមានកិច្ចសហការគ្នា។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់គណ:អភិបាលខេត្តត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅ គ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពដល់ ពួកគាត់ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង​)