អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធ ធ្វើការសម្អាតនៅលើមហាវិថីឈ្នះ ឈ្នះ ឱ្យបានស្អាត

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតនៅលើដងមហាវិថី ឈ្នះ ឈ្នះ ឱ្យបានស្អាត ជាមួយនឹង ការយកចិត្តទុកដាក់ក្នុងការវេចខ្ចប់សំរាមឱ្យបានស្អាត និងត្រូវតែកាត់លះមែកឈើឱ្យបាន ស្អាតផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានណែនាំបែបនេះ ខណៈដែលឯកឧត្តម ដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះ ឈ្នះ និងតាមបណ្ដោយវិថីមហា វិថីឈ្នះ ឈ្នះ  កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងណាឱ្យមហាវិថី នេះមានបរិស្ថាន និងមានសណ្ដាប់ធ្នាប់ល្អ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា នៅតាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ មានអាចម៌ដីជ្រុះ និងដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ជ្រាំផងដែរ។ លើសពីនេះទៀត ការទុកដាក់សំរាមក៏ជាបញ្ហាប្រឈមមួយផងដែរ។ ឯកឧត្ដមក៏ស្នើដល់អាជ្ញាធរខណ្ឌធ្វើ យ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះត្រូវតែសម្អាតទីតាំងលក់ដូររបស់ខ្លួនឱ្យបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះមានអនាម័យល្អ និងបរិស្ថានស្អាត ដើម្បីទប់ស្កាត់នូវជំងឺផ្សេងៗ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសម្អាតអាចម៌ដីជ្រុះ និងភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀរទឹកដក់នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូផងដែរ។

ឯកឧត្ដមបានបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសា ធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺបើដើមឈើណា ដែលត្រូវលះមែកគឺត្រូវលះមែកចេញឱ្យបានស្អាត តែបើមានដើម ឈើដែលងាប់ក៏ត្រូវតែគាស់ចេញ និងដាំបន្ថែមផងដែរ៕

ដោយ សួស សំរិត