រដ្ឋបាលខេត្តកំពង់ចាម ដាំដើមកូនឈើប្រភេទដើមក្ងោក អមសងខាងតាមដងផ្លូវបេតុង ជុំវិញប្រាសាទនគរបាជ័យ

AKP កំពង់ចាម ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០–

កូនឈើប្រភេទកូនក្ងោកចំនួន ៤០០ដើមត្រូវបានរដ្ឋបាលខេត្តកំពង់ចាម យកទៅដាំនៅអមសងខាងផ្លូវបេតុងនៅជុំវិញបរិវេណរមណីយ ដ្ឋានទេសចរណ៍ប្រាសាទ នគរបាជ័យ ដែលមានទីតាំងក្នុងភមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានស្ថាបនារួចរាល់ជាស្ថាពរហើយនោះ។

ពិធីដាំត្រូវបានធ្វើនៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមស្ថាប័នជុំវិញខេត្តព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សនុសិស្សផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការដែលយើងដាំដើមឈើនៅតាមសង ខាងផ្លូវនេះ ដើម្បីលើកកម្ពស់សោភណភាពបៃតង និងបង្កើតជាគម្របបរិស្ថានពណ៌បៃតងដល់តំបន់រមណីយដ្ឋានប្រសាទនគរបាជ័យនេះ ជារមណីយដ្ឋានបែបវប្បធម៌ប្រវត្តិសាស្ត្រដែលមានសក្តានុពលលើវិស័យទេសចរណ៍ ក្នុងចំណោមតំបន់រមណីយដ្ឋាននានារបស់ខេត្កកំពង់ចាម។

ឯកឧត្តម អភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា ធ្វើការដាំកូនឈើជាប្រភេទដើមផ្កាក្ងោកនេះ វាធ្វើឱ្យនៅអមសងខាងតាមដងផ្លូវនេះគឺដើម្បីសោភណភាពនៃគម្របពណ៌បៃតងព្រោះដើមក្ងោកនេះវានឹងធ្វើឱ្យតំបន់នេះមានសោភណភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សានិងភាគច្រើនៅរដូវប្រាំងតែងចេញផ្កាផ្តល់សោភណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ ដូរជូនដល់ភ្ញៀវទេសចរផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ដោយបានធ្វើការណែនាំ​ និងអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក រួមគ្នាថែរក្សាការពារសមិទ្ធដែលទទួលបានមានផ្លូវបេតុង និងដីមឈើនេះឱ្យបានគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យមកកម្សាន្តនៅក្នុងរមណីយដ្ឋាននេះកាន់តែច្រើន ក៏ដូចនៅក្នុងខេត្តកំពង់ចាមយើងពិសេសនៅក្នុងឱកាសមានពិធីបុណ្យផ្សេងៗ ។ ប្រជាពលរដ្ឋដែលនៅជុំវិញរមណីយដ្ឋានទេសចរណ៍នគរបាជ័យ បានសម្តែងការសាទរយ៉ាងខ្លាំងដល់ឯកឧត្តម អភិបាលខេត្តកំពង់ចាម ដែលបានធ្វើការស្ថាបនាផ្លូវជុំវិញវត្តប្រាសាទនគបាជ័យ ព្រមទាំងបានដាំដើមឈើបង្កើតនូវគម្របបៃតងពិតជាបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើន ប្រជាពលរដ្ឋក៏អាចរកប្រាក់ចំណូលបានច្រើនដល់ក្រុមគ្រួសារផងដែរ។

រមណីយដ្ឋានទេសចរណ៍វត្តប្រាសាទនគរបាជ័យ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រ ដែលស្ថាបនាដោយព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ ជាសំណង់ដែលមានផ្ទាំងសិលាចារិក ក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមនាសម័យអង្គរ ដែលមានចម្ងាយប្រមាណជាង២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម មានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជារមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលលើវិស័យទេសចរណ៍សម្រាប់ខេត្តកំពង់ចាម ក្នុងការស្រូបយកភ្ញៀវជាតិនិងអន្ដរជាតិមកកម្សាន្តក្នុងខេត្តកំពង់ចាម៕ ដោយ ៖ឆាយ ម៉ុត