មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន ប្រកាស​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​

AKP ភ្នំពេញ ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០
​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បានប្រកាស​សម្តែង​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ជាពិសេស​ចំណាត់ការ​ប្រកបដោយ​គ​តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អនុវត្ត​គោលនយោបាយ ឈ្នះ ឈ្នះ​លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។​

​នេះ​បើ​យោងតាម​ញា​តិ្ដ​របស់លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន​។​ ​
​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​លើកឡើងថា មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​សូម​ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សម​ត្ថិ​កច្ច​ក្នុងការ​ចាប់ខ្លួន​បុគ្គល រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​កម្ពុជា​ជា​ចំណាត់ការ​ដ៏​ត្រឹមត្រូវ​បំផុត​ក្នុង​ការរក្សា​សន្តិភាព សម្រាប់​ប្រទេសជាតិ​។ លោក​បណ្ឌិត​បានបញ្ជាក់​ថា ចំពោះ​សេចក្តីថ្លែងការណ៍​ដែល​បុគ្គល រ៉ុង ឈុន បានចេញ​ផ្សាយ​ជា​សាធារណៈ​កន្លងមកនេះ​បាន​ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ និង​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​កិច្ចការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលមាន​ចេតនា​បង្កឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​រក្សាសុខ​សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់ វិស័យ​ជូន​ជាតិ​មាតុភូមិ​។​

​ជាមួយគ្នានេះ មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន សូម​រក្សា​ជំហរ​គាំទ្រ​រាជរដ្ឋាភិបាល និង​សូម​អំពាវនាវ​ដល់​សាធារណ មតិ​ជាតិ អន្តរជាតិ មេត្តា​កុំ​ជឿ​លើ​ការផ្សាយ​ព័ត៌មាន​បំផ្លើស​ដែលមាន​លក្ខណៈ​ញ៉ុះ​ញ៉​ង់​របស់​បុគ្គល រ៉ុង ឈុន បណ្ដាញសារព័ត៌មាន​នានា សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការ​បំភ័ន្ត បំភិតបំភ័យ មួលបង្កាច់ និង​បំពុល​សាធារណជន បង្កឱ្យមាន​ភាពចលាចល អស្ថិរភាព និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​នោះឡើយ​។​លើសពីនេះ​ទៀត មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​បន្ត​អនុវត្តន៍​ច្បាប់​ជា​ធរមាន​ស្របតាម​រដ្ឋធម្មនុញ្ញរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ រិទ្ធី​