រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ មចាត់ទុកគម្រោងវិនិយោគរោងចក្រផលិតបំពង់ទឹករបស់ក្រុមហ៊ុនចិន រួមចំណែកបំពេញតម្រូវការក្នុងវិស័យទឹកស្អាតនៅកម្ពុជា

AKP កំពង់ស្ពឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានចាត់ទុកគម្រោងវិនិយោគរោងចក្រផលិតបំពង់ទឹករបស់ក្រុមហ៊ុនចិននៅក្នុងខេត្ដកំពង់ស្ពឺគឺពិតជា មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកបំពេញតម្រូវការក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះក្នុងឱកាសដឹកនាំប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះពិនិត្យជាក់ស្តែងពីសង្វាក់ផលិតកម្ម នៃការផលិតបំពង់ទឹករបស់ក្រុមហ៊ុន TCU Polys Enterprise Co., Ltd ដែលមានលោក Peng Ting Gang ប្រធានក្រុមហ៊ុន TCU Polys Enterprise Co., Ltd និងលោកបណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនពីរសហការគ្នាផ្នែកផលិតឧបករណ៍សម្ភារ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានទីតាំងនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ផលិតផលបំពង់ទឹកទាំងនេះ គឺជាប្រភេទផលិតផលដែលរាជរដ្ឋាភិបាលលើកទឹកចិត្ត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា ក្រុមហ៊ុនបានអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនឈរលើគុណភាពជាចម្បង តាមរយៈការប្រើប្រាស់វត្ថុធាតុដើមសុទ្ធពិតប្រាកដ ដោយមានប្រព័ន្ធត្រួតពិនិត្យគុណភាព និងស្តង់ដារនៃប្រព័ន្ធគ្រប់គ្រងផលិតកម្មបានល្អប្រសើរ តាមរយៈបទបង្ហាញរបស់ខ្លួន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីបានបន្ដថា ការចុះទស្សនៈកិច្ចនេះ ក្រៅពីសិក្សាឈ្វេងយល់លើកទឹកចិត្ត ក្រសួងក៏បានគិតគូរពិនិត្យលទ្ធភាពជួយសហការគាំទ្រ និងជួយតម្រង់ទិសផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន ហើយក៏បានស្តាប់ពីតម្រូវការ ក៏ដូចជាភាពប្រឈមនានារបស់ក្រុមហ៊ុនផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តន៍បានត្រឹមត្រូវតាមក្រឹត្យក្រមច្បាប់របស់កម្ពុជា ហើយក្នុងនាមក្រសួងឧស្សាហកម្មក៏សូមលើកទឹកចិត្តបន្ថែមទៀត ពីព្រោះជាផលិតផល កំពុងមានតម្រូវការលើទីផ្សារកម្ពុជាផង ហើយក៏អាចផលិតធ្វើការនាំចេញផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានណែនាំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពតាមរយៈផលរបររបស់ខ្លួនក្នុងការចូលរួមដេញថ្លៃផ្គត់ផ្គង់ឧបករណ៍សម្ភារទឹកស្អាត នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន គឺលោក Peng Ting Gang ដែលបានបង្ហាញនូវទឹកចិត្តចូលរួមដោយរីករាយជាមួយការទទួលខុសត្រូវសង្គម ដោយឯកភាពតាមការស្នើសុំរបស់ឯកឧត្តមក្នុងការចូលរួមឧបត្ថម្ភ ជាថវិកា ឬជាសម្ភារសម្រាប់ជួយជួសជុលកសាងផ្លូវ ដែលរងការខូចខាតជាអន្លើ ដោយការដឹកផលិតផលចេញ-ចូល ពីក្រុមហ៊ុន ។

លោក Peng Ting Gang ប្រធានក្រុមហ៊ុន TCU Polys Enterprise Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០១៦ និងបានបម្រើសេវាផលិត និងផ្គត់ផ្គង់បំពង់ទឹកស្អាត និងទឹកលូមកដល់ពេលនេះមានរយៈពេលជិត ៥ ឆ្នាំហើយ ដែលមានដើមទុនវិនិយោគ សរុបប្រហែល ចំនួន ១០ លានដុល្លារអាម៉េរិក។

លោកបានបន្ដថា ផលិតផលរបស់រោងចក្រមានបំពង់បង្ហូរទឹកលូមុខកាត់ពី ៣០០មីលីម៉ែត្រ – ២០០០មីលីម៉ែត្រ បំពង់ទឹកស្អាត HDPE មុខកាត់ពី ២០មីលីម៉ែត្រ – ៨០០មីលីម៉ែត្រ ប្រភេទបំពង់ PPR (Polypropylene-Random) មុខកាត់ពី ២០មីលីម៉ែត្រ-២០០មីលីម៉ែត្រ ដែលប្រើសម្រាប់ទឹកត្រជាក់ ទឹកក្តៅ និងមានផលិតបំពង់សម្រាប់ដាក់ខ្សែភ្លើង បំពង់ UPVC និង PVC…។ល។

ក្រុមហ៊ុនបានផ្គត់ផ្គង់ផលិតផលដែលមានគុណភាព ដោយប្រើវត្ថុធាតុដើមជាប្រភេទគ្រាប់ជ័រថ្មី នាំចូលពីប្រទេសថៃ (ប្រភពដើមពីប្រទេសអារ៉ាប់) ដែលមានបន្ទប់ពិសោធន៍ និងធ្វើតេស្តត្រួតពិនិត្យគុណភាពផលិតផលតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារអន្តរជាតិ។

លោកប្រធានក្រុមហ៊ុនបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបានផលិតសម្ភារបំពង់គ្រប់ប្រភេទ ដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក ជាពិសេសបំពង់ទឹកកខ្វក់កំពុងត្រូវបានប្រើប្រាស់សម្រាប់ប្រព័ន្ធលូនៅខេត្តព្រះសីហនុ៕ដោយ៖រិទ្ធី