អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺសំខាន់បំផុត ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញតេឡេក្រាមថា ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ១៩ នៅក្នុងកម្ពុជាក្តី ពិភពលោកទាំងមូលក្តី ពិតណាស់ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការដ៏សំខាន់បំផុតមួយ។

ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារAKP ទាក់ទងទៅនឹងស្ថានភាពចុងក្រោយនៃវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា និងការផ្ទុះនៅក្នុងសហគមន៍នៅប្រទេសវៀតណាមថ្មីៗនេះថា៖ “គឺពិតណាស់ហើយថា ថ្មីៗនេះ ប្រទេសវៀតណាមដែលជាប្រទេសជិតខាងយើង មានការឆ្លងទៅក្នុងសហគមន៍ជាបន្តបន្ទាប់ ដោយពុំមានរកឃើញប្រភពច្បាស់លាស់នៅឡើយ ដែលជាការលំបាកក្នុងការទប់ស្កាត់ និងបង្ការ ហើយបានរាលដាលដល់ទីក្រុងធំៗរបស់ប្រទេសវៀតណាមរួចហើយដែរ បន្ទាប់ពីប្រទេសនេះបានទប់ស្កាត់វីរុសកូវីដ១៩នេះ បានរយៈពេលប្រមាណជិត១០០ថ្ងៃជាប់គ្នា គឺមានតែរកឃើញករណីនាំចូលដូចកម្ពុជាយើងដែរ ប៉ុន្តែទីបំផុតការរកឃើញចុងក្រោយនេះ គឺជាការឆ្លងនៅក្នុងសហគមន៍តែម្តង ដែលនេះជាសញ្ញាដាស់តឿនដល់ប្រទេសកម្ពុជាយើងថា ការធ្វេសប្រហែសតែមួយពេល និងពុំមានការចូលរួមការពារខ្លួនពីប្រជាពលរដ្ឋ គឺអាចធ្វើឱ្យមានហានិភ័យភ្លាម ព្រោះថា ជំងឺកូវីដ១៩នេះ ពុំទៅណាឆ្ងាយពីប្រទេសកម្ពុជាយើងនៅឡើយទេ គឺវាអាចកើតឡើងគ្រប់ពេល គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង” ។

ឯកឧត្តមអ្នកនាំពាក្យ ក៏បានឱ្យដឹងផងដែរថា ដោយមានឧទាហរណ៍នៃការឆ្លងចូលក្នុងសហគមន៍នៅប្រទេសវៀតណាមនេះហើយ ទើបថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល បានប្រកាសភ្លាមៗទៅដល់មន្ត្រីជំនាញទាំងអស់ដែលឈរជើងនៅតាមបណ្តាព្រំដែនដែលជាប់ជាមួយប្រទេសជិតខាង ជាពិសេសគឺប្រទេសវៀតណាម ត្រូវបន្តអនុវត្តវិធានការចត្តាឡីស័កឱ្យបានហ្មត់ចត់ជាទីបំផុត រាល់អ្នកដំណើរដែលឆ្លងកាត់ទៅមក ដើម្បីបង្ការការនាំចូលណាមួយ និងបង្ការការឆ្លងទៅក្នុងសហគមន៍ដែលអាចកើតឡើង ជាយថាហេតុណាមួយនោះ។ ឯកឧត្តម លី សូវ៉ាន់ បានសង្កត់ធ្ងន់ថា៖ “កម្ពុជាយើង បានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពបំផុត ដោយមិនឱ្យមានការឆ្លងទៅក្នុងសហគមន៍រយៈពេលជិត៧ខែមកហើយ ហើយការខិតខំនេះ គឺច្បាស់ណាស់ដោយមានការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញនូវវិធានការនានាទាន់ពេលវេលា រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែបើសិនជាពុំមានការចូលរួមអនុវត្ត ពីប្រជាពលរដ្ឋខ្លួនឯងនោះទេ វិធានការនេះក៏ពុំបានជោគជ័យដែរ។ ដូច្នេះការចូលរួមរបស់ប្រជាពលរដ្ឋ គឺសំខាន់ណាស់ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ១៩នេះ” ។

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ក៏បន្តអំពាវនាវដ៏ទទូច និងជាថ្មីម្តងទៀត គឺសូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត នូវវិធានការសាមញ្ញទាំង៣ គឺអនាម័យដៃ និងខ្លួនប្រាណស្អាត ពាក់ម៉ាសក្នុងករណីចាំបាច់ និងរក្សាគម្លាតបុគ្គល-សង្គម ជាពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋដែលគ្រោងធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែសីហា ខាងមុខនេះ និងសូមរាយការណ៍ជាបន្ទាន់មកកាន់លេខ “១១៥” ឬមន្ត្រីសុខាភិបាលក្នុងដែនដីរបស់ខ្លួនរស់នៅ ក្នុងករណីនៅក្នុងសហគមន៍ណាមួយ មានការកើតឡើងជាលក្ខណៈចង្កោម ដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ គ្រុនផ្តាសាយ ជាដើម ដើម្បីឱ្យមន្ត្រីជំនាញ នៃក្រសួងសុខាភិបាល ចុះទៅត្រួតពិនិត្យ និងទប់ស្កាត់ ជាបន្ទាន់។

ជាថ្មីម្តងទៀត ឯកឧត្តមវេជ្ជបណ្ឌិត ក្នុងនាមឯកឧត្តមផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល បានជូនពរដល់បងប្អូនប្រជាពលរដ្ឋឱ្យសុខសប្បាយ និងចៀសផុតពីជំងឺដ៏កាចសាហាវនេះ ជាពិសេសនៅពេលឈប់សម្រាករយៈពេលយូរខាងមុខនេះ ត្រូវប្រកាន់ភ្ជាប់នូវវិធានការការពារខ្លួន ទាំង៣ខាងលើនេះ ជាដាច់ខាត។

គួររម្លឹកថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០២នាក់ថ្មីទៀត ដែលធ្វើឱ្យករណីព្យាបាលជាសះស្បើយសរុបមានចំនួន ១៦៤នាក់ ក្នុងករណីឆ្លងសរុបទូទាំងប្រទេសដែលបានរកឃើញចាប់តាំងពីដើមខែមករា ឆ្នាំ២០២០ ចំនួនសរុប ២៣៤នាក់ ។ ដោយឡែក យោងតាមគេហទំព័រ Worldometers វិញ ករណីឆ្លងវីរុសកូវីដ១៩ សរុបទូទាំងពិភពលោកមានចំនួនជាង ១៧លាននាក់ ព្យាបាលជាសះស្បើយជិត ១១លាននាក់ និងបានសម្លាប់មនុស្សជាង ៦៧ម៉ឺននាក់ ៕

ដោយ ផែន រតនៈ