រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

​AKP កណ្តាល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០–

នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាល សហការជាមួយទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់ គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលាខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន នៃការធ្វើកំណែទម្រង់ក្នុងគោលដៅ ដើម្បីកំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព សំដៅសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។

តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងកំណែទម្រង់ និងការផ្ទេរមុខងារ របស់ថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ និងលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅដល់គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលមកចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដ៏មានសារៈសំខាន់នេះ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះទីចាត់ការគ្រប់ គ្រងធនធានមនុស្សសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំឱ្យមានវគ្គ ស្តីពីការគ្រប់គ្រងបុគ្គលិកនេះឡើង ដោយសង្ឃឹមថាវគ្គបណ្តុះបណ្តាលនេះនឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ សហការគ្នាឱ្យបានរលូន និងសិក្សាឈ្វេងយល់ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍តាមរយៈវគ្គបណ្តុះ បណ្តាលនេះ ដើម្បីយកទៅអនុវត្តន៍នៅរដ្ឋបាលរៀងៗខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)