អភិបាលខេត្ត ចូលរួមប្រជុំពិភាក្សា អន្តរក្រសួង ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ

AKP បាត់ដំបង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិ បាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមការងារគណៈកម្មាធិការអន្តរក្រសួងនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និង កុមារក្រោមអាយុ២ឆ្នាំ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក្នុងគោលបំណងឈ្វេងយល់អំពីបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍លើកឡើងអំពីបញ្ហាប្រឈមដែលកើតមានឡើងក្នុងខេត្តបាត់ដំបង គឺបញ្ហាបច្ចេកវិទ្យា ដោយនៅតាមឃុំ សង្កាត់នានាក្នុងខេត្តបាត់ដំបងមិនសូវស្ទាត់ជំនាញនឹងបច្ចេកវិទ្យា។ ជាពិសេសបញ្ហាថេបប្លេត១ ប្រើប្រាស់កម្មវិធី៣ស្របពេលតែមួយរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំផង និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយ សារជំងឺកូវីដ-១៩ និងកម្មវិធីផ្ដល់ប័ណ្ណក្រីក្រតាមការស្នើសុំផង និងជាពិសេសបញ្ហាប្រព័ន្ធអ៊ិនធឺណែតនៅតំបន់មួយចំនួនដើរយឺត ការបញ្ជូនទិន្នន័យសម្រាប់ដកប្រាក់ ធ្វើឱ្យមានការដកសាច់ប្រាក់មិនទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យមានការអនុវត្តការងារ ការផ្ដល់សាច់ប្រាក់នេះមានភាពយឺតយ៉ាវ និងរអាក់រអួលមួយចំនួន។

ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ត្រូវបានអនុវត្តន៍ដោយក្រសួងសុខាភិបាលចាប់ពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវបានផ្ទេរមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុវត្តន៍បន្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដែលបានដំណើរការអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយជាលទ្ធផលគិតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនស្រ្ដី និងកុមារ ទទួលផលសរុបបាន ៥.២០២នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៦០០.១៦០.០០០រៀល ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)