អាជ្ញាធរស្រុកបន្ទាយស្រីថា រមណីយដ្ឋានទេសចរណ៍ថ្មីៗជាច្រើន នៅស្រុកបន្ទាយស្រីកំពុងរង់ចាំភ្ញៀវទេសចរទៅកម្សាន្តនៅថ្ងៃឈប់សម្រាកខាងមុខនេះ

AKP សៀមរាប ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០–

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងឱ្យដឹងនៅព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា នៅក្នុងស្រុកបន្ទាយស្រី មានរមណីយដ្ឋានទេសចរណ៍ជាច្រើន ទាំងវប្បធម៌ និងរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ដូចជា៖ ឧទ្យានជាតិភ្នំគូលេន ប្រាសាទបន្ទាយស្រី រមណីយដ្ឋានបឹងឈូក ផ្ទះស្នាក់បៃតង និងទីកន្លែងកម្សាន្តជាច្រើនទៀត ដែលអាចឱ្យភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងស្នាក់នៅដោយក្តីសប្បាយរីករាយ ជាមួយនឹងតម្លៃសមរម្យ ជាពិសេសនោះគឺសួរផ្កាដ៏ស្រស់ស្អាតនៅជាប់ជើងភ្នំជិតរមណីយដ្ឋានក្បាលស្ពាន។ ដែលជាផលិតផលទេសចរណ៍ថ្មីមួយកំពុងតែទាក់ទាញ់ភ្ញៀវទេសចរក្នុងស្រុក និងរង់ចាំភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅថ្ងៃសម្រាកខាងមុខនេះ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា ដើម្បីត្រៀមទទួលភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅក្នុងស្រុកបន្ទាយស្រី នាថ្ងៃឈប់សម្រាកក្នុងខែសីហាខាងមុខនេះ រដ្ឋបាលស្រុក បានគ្រោងឱ្យប្រជាពលរដ្ឋ និងបណ្តាសហគមន៍ទេសចរណ៍ត្រៀមបើកឱ្យដំណើរការឡើងវិញ នូវរមណីយដ្ឋានមួយចំនួនដែលបានបិទដោយសាកូវីដ-១៩កន្លងមក ប៉ុន្តែម្ចាស់សេវាកម្មទេសចរណ៍ទំាងអស់ត្រូវរក្សាតម្លៃឱ្យបានសមរម្យ និងត្រូវបង្កើនការធ្វើអនាម័យគោរព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ពិសេសការផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

ដោយឡែកអាជ្ញាធរក្រុងសៀមរាបវិញ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ធ្វើការសម្អាតស្ទឹងសៀមរាប និងតុបតែងលម្អនៅតាមសងខាងស្ទឹងយ៉ាងស្រស់ស្អាត។ ប្រសិនគ្មានការប្រែប្រួលទេ នៅថ្ងៃឈប់សម្រាក់នៅក្នុងខែសីហាខាងមុខនេះ នឹងមានកម្មវិធីមួយចំនួនត្រូវបានរៀបចំនៅតាមដងស្ទឹងសៀមរាប​នេះ ដើម្បីបង្កភាពសប្បាយដល់ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តសៀមរាប ហើយនៅគ្រប់កម្មវិធីគឺមានវិធានការបង្ការឆ្លងមេរោគកូវីដ-១៩ ខ្ពស់បំផុត៕ដោយ ឃុត សៅ