សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

១.អាមេរិក៖ បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃទី៣០ខែកក្កដានេះបានឲ្យដឹងថាចំនួន អ្នកស្លាប់ដោយសារកូវីដ១៩ បានកើនលើស ១៥ម៉ឺននាក់នៅសហរដ្ឋអាមេរិកច្រើនជាងប្រទេសដទៃទៀតហើយ ចំនួននេះគឺជិតមួយភាគបួននៃចំនួនអ្នកស្លាប់សរុបរបស់ពិភពលោក ។ សហរដ្ឋអាមេរិកមានអ្នកស្លាប់ថ្មីចំនួន ១.៤៦១នាក់កាលពីថ្ងៃទី២៩ កក្កដាដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីថ្ងៃទី២៧ ខែឧសភា មក ។

២. ក្រុមហ៊ុនផលិតយន្តហោះប៊ូអីង បានប្រកាសនៅថ្ងៃទី៣០ខែកក្កដានេះថា ក្រុមហ៊ុនមានការខាតបង់ធំជាង ការរំពឹងទុកនៅត្រីមាសទីពីរនៃឆ្នំានេះ ។ ក្រុមហ៊ុនក៏បានផ្តល់សញ្ញាថាអាចនឹងមានការកាត់បន្ថយ ចំនួន បុគ្គលិក បន្ថែមទៀតនៅពេលដែលការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសបានអូសបន្លាយដោយសារវីរុសរាតត្បាតកូវីដ១៩ ។

៣.ថៃ៖ មេបញ្ជាការប៉ូលីសប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសថៃបានប្តេជ្ញាជំរុញការបណ្តុះបណ្តាលដល់ ប៉ូលីសនៅទូទាំងប្រទេស ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរឡើងក្នុងការបង្រ្កាបការកេងប្រវ័ញ្ចផ្លូវភេទ និងពលកម្មចាប់បង្ខំនៅខាងក្រៅទីក្រុងបាងក ។ បើ តាមស្ថិតិរបស់រដ្ឋាភិបាលថៃបានឲ្យដឹងថា ប្រហែល ៣ ភាគ ៤ នៃករណីជួញដូរ ស្មើ ២៨៣ករណីនៅទូទាំងប្រទេសកាលពីឆ្នាំមុន ត្រូវបានរកឃើញនៅខាងក្រៅទីក្រុងបាងកក ។

អត្ថបទ ឆាយ វីកាល