អាជ្ញាធរ​ស្រុក​បន្ទាយស្រី​ថា រមណីយដ្ឋាន​ទេសចរណ៍​ថ្មីៗ​ជាច្រើន នៅ​ស្រុក​បន្ទាយស្រី​កំពុង​រង់ចាំ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ

AKP ខេត្តសៀមរាប ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ​២០២០–​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ថា នៅក្នុង​ស្រុក​បន្ទាយស្រី មាន​រមណី​ដ្ឋា​ន​ទេសចរណ៍​ជាច្រើន​ទាំង​វប្បធម៌​និង​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​ដូចជា​៖​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន ប្រា​សា​
​ទ​បន្ទាយស្រី រមណីយដ្ឋាន​បឹង​ឈូក ផ្ទះ​ស្នាក់​បៃតង និង​ទីកន្លែង​កម្សាន្ត​ជាច្រើន​ទៀត ដែល​អាចឱ្យ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​និង​ស្នាក់នៅ​ដោយ​ក្តីសប្បាយ​រីករាយ ជាមួយនិង​តម្លៃ​សមរម្យ ជាពិសេស​នោះ​គឺ​សួនផ្កា​ដ៍​ស្រស់ស្អាត​នៅជាប់​ជើងភ្នំ​ជិត​រមណីយដ្ឋាន​ក្បាលស្ពាន​ដែលជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​និង​រង់ចាំ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​នៅ​ថ្ងៃ​សម្រាក​ខាងមុខនេះ​។​

​លោក ឃឹម ហ្វី​ណង់ បានបញ្ជាក់​ទៀតថា ដើម្បី​ត្រៀម​ទទួល​អ្នកទេសចរ​មក​ទស្សនា​កម្សាន្ត​នៅក្នុង​ស្រុក​បន្ទាយស្រី នា​ថ្ងៃ​ឈប់សម្រាក​ក្នុង​ខែសីហា​ខាងមុខនេះ រដ្ឋបាល​ស្រុក បានគ្រោង​ឱ្យ​ប្រជាពលរដ្ឋ​និង​បណ្តា​សហគមន៍​ទេសចរណ៍​ត្រៀម​បើក​ឱ្យ​ដំណើរការ​ឡើងវិញ នូវ​រមណីយដ្ឋាន​មួយចំនួន​ដែល​បាន​បិទ​ដោយសា​កូ​វិដ​១៩​កន្លងមក ប៉ុន្តែ​ម្ចាស់​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ​រក្សា​តម្លៃ​ឱ្យបាន​សមរម្យ និង​ត្រូវ​បង្កើន​ការធ្វើ​អនាម័យ​គោរព ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពិសេស​ការផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​។​

​ដោយឡែក​អាជ្ញាធរ​ក្រុង​សៀមរាប​វិញ​បាន​សហការគ្នាជាមួយ​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើការ​សម្អាត​ស្ទឹង​សៀមរាប និង​តុបតែង​លម្អ​នៅតាម​សងខាង​ស្ទឹង​យ៉ាង​ស្រស់ស្អាត​។​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ នៅ​ថ្ងៃ​ឈប់សម្រាក​នៅក្នុង​ខែសីហា​ខាងមុខនេះ និង​មាន​កម្មវិធី​មួយចំនួន​ត្រូវបាន​រៀបចំ​នៅតាម​ដងស្ទឹង​សៀមរាប​នេះ ដើម្បី​បង្ក​ភាពសប្បាយ​ដល់​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​នៅ​ខេត្តសៀមរាប ហើយ​នៅ​គ្រប់​កម្មវិធី​គឺមាន​វិធានការ​បង្ការ​ការឆ្លង​មេរោគ​កូ​វិដ​១៩​ខ្ពស់បំផុត​៕ ឃុ​ត សៅ សៀមរាប​