ក្រសួង​ឧស្សាហកម្ម​កម្ពុជា និង​អង្គភាព​កម្មសិទ្ធិបញ្ញា​នៃ​ប្រទេស​សិង្ហ​បុរី ពង្រឹង​កិច្ចសហប្រតិបត្តិកា​លើ​វិស័យ​កម្មសិទ្ធិបញ្ញារ​រវាង​ប្រទេស​ទាំងពីរ​

AKP ភ្នំពេញ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០
​កិច្ចប្រជុំ​កម្រិត​ខ្ពស់​លើក​ទី​១១ ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​កម្មសិទ្ធិបញ្ញា​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​នៃ​ប្រទេស​សិង្ហ​បុរី (IPOS)​តាម​ប្រព័ន្ធ Online ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​កម្មសិទ្ធិ​បញ្ហា និង​ការបណ្ដុះបណ្ដាល​មន្ដ្រី​ជំនាញ​បច្ចេកទេស​ដល់​កម្ពុជា​។​
​កិច្ចប្រជុំ​កម្រិត​ខ្ពស់​លើក​ទី​១១ តាម​ប្រព័ន្ធ online ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​កម្មសិទ្ធិបញ្ញា​នេះ ដឹកនាំ​ដោយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​នៃ​ប្រទេស​សិង្ហ​បុរី ដែល​ដឹកនាំ​ដោយ​លោក Daren TANG អតីត​ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា នៃ​ប្រទេស​សិង្ហ​បុរី (IPOS) និង​លោកស្រី Rena LEE ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​សិង្ហ​បុរី ទើប​តែងតាំង​ថ្មី នា​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​អបអរសាទរ​ដល់​លោក Daren TANG ដែល​ត្រូវបាន​បោះឆ្នោត​ជាប់​ធ្វើជា​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ដែល​នឹង​ចូលកាន់​តំណែង​នាពេលខាងមុខ និង​លោកស្រី Rena LEE ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​សិង្ហ​បុរី ទើប​តែងតាំង​ថ្មី​។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​រវាង​ក​ម្ពុ​ជា និង​សិង្ហ​បុរី នឹង​បន្ត​វិវត្ដន៍​រីកចម្រើន​ទៅ​មុខជា​លំដាប់​។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្ដថា ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​(MITIS) និង​អង្គភាព​កម្មសិទ្ធិបញ្ញា ផែនការ​សកម្មភាព​ចំនួន​០៥ សម្រាប់​ឆ្នាំ​២០១៩ ត្រូវបាន​អនុវត្តន៍​បញ្ចប់​។ ទន្ទឹមនេះ ក្រសួង​ឧស្សាហកម្ម បានទទួល​ការដាក់​ពាក្យស្នើសុំ​ប្រកាសនីយបត្រ​តក្កកម្ម​(Patent) ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០២០ បាន​ចំនួន​សរុប ៦២ Patent និង បានចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ចំនួន ៥៤​។ ប៉ុន្តែ ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ ក្រសួង​ទទួល​ពាក្យស្នើសុំ​បានតែ​០១ ប៉ុណ្ណោះ ពី IPOS ។ ចំណែក​នៅ​០៨​ពាក្យស្នើសុំ​ទៀត គឺ​បាន​អនុវត្តន៍​ដូចជា ចំនួន​០៣ ពាក្យស្នើសុំ កំពុង​រង់ចាំ ការឆ្លើយតប​ពី​អ្នកដាក់ពាក្យ ចំនួន​០៤ Patent ទាក់ទង​នឹង​របប​គំហើញ​ផ្នែក​ឱសថ ត្រូវបាន​បដិសេធ ដោយសារ​ស្ថិត​នៅក្រៅ​តំបន់​ការពារ ព្រោះ​បាន​កំណត់ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ពាក្យស្នើសុំ Patent ចំនួន​០១ ត្រូវបាន​ដកចេញ​។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​លើកឡើងថា បើ​ពិនិត្យ​ជារួម ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា នៃ​ប្រទេស​មួយចំនួនទៀត រួមមាន​៖ ជាមួយ​ប្រទេស ជប៉ុន អឺរ៉ុប ចិន កូរ៉េ រួមទាំង​ប្រទេស​សិង្ហ​បុរី​ផង យើង​ទទួលបាន​ការដាក់​ពាក្យ​ស្នើសុំ​ការចុះបញ្ជី​ឡើងវិញ នៃ​ប្រកាស​នី​យ​ប​ត្ត​តក្កកម្ម​(Patent) សរុប​បាន​ចំនួន ១.១៥៨ Patent ក្នុងនោះ Patent ចំនួន​២៣៦ ត្រូវបាន​ផ្តល់ជូន​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​បច្ចេកទេស​ទាំងពីរ​ភាគី​បន្ត​ពិភាក្សា​រួមគ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ប្រតិបត្តិការ ប្រព័ន្ធ​ហេ​ក (Hague System) សម្រាប់​ការចុះបញ្ជី​ជា​លក្ខណៈ​អន្តរជាតិ​ទាក់ទង​គំនូរ​ឧស្សាហកម្ម និង​សិទ្ធិសញ្ញា PCT សម្រាប់​ប្រកាសនីយបត្រ​តក្កកម្ម​នៅ​កម្ពុជា រួម​ប​ញ្ជូ​ល​ទាំង​ការបណ្តុះបណ្តាល​វិស័យ​កម្មសិទ្ធិបញ្ញា​ដល់​មន្ត្រី​ក្រសួង​ផងដែរ​។​
​លោកស្រី Rena LEE ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​សិង្ហ​បុរី ទើប​តែងតាំង​ថ្មី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​បង្ហាញ​ជំហរ​សហការ​គាំទ្រ​បន្តទៀត​ក្នុង​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​។​លោកស្រី​ក៏បាន​លើកឡើង​ពី​របៀប​វីរៈ​នៃ​កិច្ចប្រជុំ​សំខាន់ៗ ដែល​រួមមាន កម្មវិធី​កសាង​សមត្ថភាព​មន្ត្រី និង​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​មន្ត្រី​ប​ច្ចេ​ទេស និង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​លើក​ទី​១២ នាពេលខាងមុខ ។​

​ជាមួយគ្នានេះ ដៃគូ​សន្ទនា​កម្រិត​ខ្ពស់ បាន​ឯកភាព​ថា កិច្ចប្រជុំ​កម្រិត​ខ្ពស់​លើក​ទី​១២ ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ដើមឆ្នាំ​២០២១ សូម​ប្តូរ​មក​ធ្វើ​នៅ​កម្ពុជា​វិញ ក្នុង​ទីក្រុង​សៀមរាប តាម​ការស្នើសុំ​របស់​ភា​គី​កម្ពុជា ដើម្បី​ជាការ​អបអរសាទរ​ចំពោះ​លោកស្រី​ប្រធាន​ថ្មី​របស់ IPOS សិង្ហ​បុរី​ផង និង​ការជាប់ឆ្នោត​ជា​នាយក​អង្គការ WIPO របស់លោក Daren TANG ផង ក្នុង​កាលៈទេសៈ​ដែល​មិនមាន​ការគំរាមកំហែង​ពី​រោគ​ឆ្លង​កូ​វីដ​-១៩​។ កិច្ចប្រជុំ​ក៏បាន​បន្ថែមទៀតថា សម្រាប់​ការងារ​បណ្តុះបណ្តាល មន្ត្រី​ជំនាញ​កម្ពុជា លើ​វិស័យ​កម្មសិទ្ធិបញ្ញា គួរ​ត្រូវ​ធ្វើតាម​ប្រព័ន្ធ Online ដោយ​មិនត្រូវ​រង់ចាំ​ការ​ផុតរលត់​នៃ​ជំងឺ​កូ​វីដ​-១៩ ឡើយ ។
ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​ស្នើឱ្យ​មន្ត្រី​បច្ចេកទេស នៃ​ប្រទេស​ទាំងពីរ​ធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​រវាង​ក​ម្ពុ​ជា​-​សិង្ហ​បុរី​រយៈពេល​០៨​ឆ្នាំកន្លងមក ដើម្បី​បាន​ឈ្វេងយល់​ជា​សាធារណៈ​៕ ដោយ រិទ្ធី​