មន្ទីរពេទ្យ​កុមារ​អង្គរ​ទទួលបាន​អង្ករ​ចំនួន​១០​តោន ពី​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ដើម្បី​យកទៅ​ចែកជូន​បន្ត​ដល់​អ្នកជំងឺ​មាន​ជីវភាព​ខ្វះខាត និង​អ្នកជំងឺ​មកពី​ឆ្ងាយៗ​

AKP សៀមរាប ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០
​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​បន្ត​ឧបត្ថម្ភ​អង្ករ​១០​តោន​ក្នុង​មួយឆ្នាំ សម្រាប់​ឆ្នាំ​២០២០ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​
​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម ក្រុមហ៊ុន​វី​តា​ល់​បាន​មាន​ប្រ សាសន៍​ថា នេះ​ជា​ឆ្នាំ​ទី​២ ដែល​វី​តា​ល់​ឧបត្ថម្ភ​អង្ករ​១០​តោន​ជូន​មន្ទីរពេទ្យ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​អង្ករ​១០​តោន​ក្នុង​១​ឆ្នាំ រយៈពេល ៣​ឆ្នាំ កាលពី​ឆ្នាំ​២០១៩​។​

​លោក​បន្តថា វី​តា​ល់ តែង​យកចិត្តទុកដាក់​លើ​សក​ម្ម​ភាព​មនុស្សធម៌ និង​បាន​យល់ដឹង​ច្បាស់​ពី​គុណ​តម្លៃ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បានធ្វើការ​យ៉ាងសកម្ម​ជួ​យ​សង្គ្រោះ​ជីវិត​កុមារ កម្ពុជា​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ​។​
​លោក​បាន​បន្តថា ការចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា មួយ​មន្ទីរពេទ្យ​កុមារ​អង្គរ នៅពេលនេះ បានមកពី​មូលនិធិ​២៥៛ របស់​វី​តា​ល់ ដែល​តែង​ដក​ថវិកា​២៥​រៀល ពី​ការលក់ វី​តា​ល់​ក្នុង​មួយ​ដប សម្រាប់​ចូលរួម​ក្នុង​ការងារ​សង្គម​នានា​។ ជាមួយនឹង​មូលនិធិ​២៥​រៀល​នេះ យើង​នឹង​បន្ត​ពង្រឹង​វិសាលភាព​នៃ​សកម្មភាព មនុស្សធម៌​ជាច្រើន​រូបភាព​បន្ថែមទៀត​។

​លោក ទេព ណាវី នាយក​ប្រ​ត្តិ​ប​ត្តិ​ការ​នៃ​មន្ទី​ពេទ្យ​កុមារ​អង្គរ​បាន​ថ្លែងថា ក្នុង​មួយឆ្នាំ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ប្រើប្រាស់​អង្ករ​អស់​ចំនួន​១០​តោន​សម្រាប់​ចែកជូន​ដល់​អ្នកជំងឺ​មាន​ជីវភាព​ខ្វះខាត និង​អ្នកជំងឺ​មកពី​ឆ្ងាយៗ​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ ក្នុង​មន្ទីរពេទ្យ​នេះ​។ លោក​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​វី​តា​ល់ ដែល​បានផ្តល់​អង្ករ​ដល់ មន្ទីរពេទ្យ កុមារ​។ សកម្មភាព​នេះ​បាន​លើក និង​កំពុង​លើកទឹកចិត្ត ដល់​មន្ទី​ពេទ្យ និង​ក្រុមការងារ​ឱ្យ កាន់​តែមាន​ទឹកចិត្ត​បម្រើសេវា​កម្ម​វ​ពិនិត្យ​ព្យាបាល​កាន់តែ​ល្អ​ដល់​កុមារ​កម្ពុជា​។

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុង​មួយថ្ងៃ​មាន​កុមារ​មិនតិចជាង​៥០០​នាក់​ទៅ​៦០០​នាក់​ទេ​ដែល​មក​ទទួល​ការពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​នេះ​៕ ដោយ ឃុ​ត សៅ