អភិបាលខេត្តកំពត ទទួលជួបពិភាក្សាការងារជាមួយ គណៈកម្មការទី១ នៃរដ្ឋសភា

AKP កំពត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានលើកឡើងថា កំពត ជាខេត្តមួយមានសក្តានុពលលើគ្រប់វិស័យ ហើយកំពតបាន និងកំពុងអភិវឌ្ឍន៍រីក ចម្រើន យ៉ាងឆាប់រហ័ស ហើយដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ថ្នាក់ដឹកនាំ និងមន្ត្រី ពាក់ព័ន្ធជុំវិញខេត្ត ត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព។

ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកដើម្បី ឈ្វេងយល់ពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី នៅព្រឹកទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ហៅកាត់ថា (គណៈកម្មការទី១ នៃរដ្ឋសភា)។

ឯកឧត្តមបានបញ្ជាក់ទៀតថា បើតាមសេចក្តីរាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត, ខេត្តកំពតមានទីតាំងភូមិសាស្រ្តអំណោយផលល្អណាស់  ហើយការងារសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ ការងារគ្រប់គ្រងដីធ្លី ការងាររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ការងារដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ព្រមទាំងសកម្មភាពប្រយុទ្ធ ប្រឆាំងនឹង ជំងឺកូវីដ១៩ មានលទ្ធផលល្អប្រសើរទាំងអស់។

ចំណែកវិស័យនីមួយៗ ដូចជាកសិកម្ម ធនធានទឹក ឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ និងថាមពល ទេសចរណ៍ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាធារណការ អប់រំ សុខាភិបាល រៀបចំដែនដីនគរូបនីយកម្ម សំណង់ មានការរីកចម្រើនគួរ ឱ្យកត់សម្គាល់ផងដែរ ចំណែកបញ្ហាមួយចំនួន រដ្ឋបាលខេត្តក៏បាន និងកំពុងបានបន្ត ដោះស្រាយ សម្រុះសម្រួលឱ្យបានប្រកបដោយប្រសិទ្ធភាព ឆ្លើយតបតាមការចង់បាន របស់ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ រដ្ឋបាលខេត្តក៏ដូចមន្ទីរជំនាញនិងរដ្ឋបាលក្រុង ស្រុកក្នុងការអនុវត្តតួនាទីភារកិច្ច និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅនឹងគោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋា ភិបាល ក៏ដូចជាច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាបានល្អប្រសើរ ក្នុងគោលដៅអភិវឌ្ឍន៍ ប្រទេស និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ថែមទៀត។

ប៉ុន្តែដើម្បីធានាដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព និងចីរភាព ឯកឧត្តម ប្រធានបានជំរុញដល់មន្ត្រីថ្នាក់ដឹកនាជំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារភារកិច្ច តាមតួនាទីរបស់ខ្លួនឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដោយផ្អែកតាម គោលការណ៍ច្បាប់ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕

ដោយ  ប្រាក់ លាង