ឯកឧត្ដម វ៉ា ថន អញ្ជើញប្រគល់វិញ្ញាបនបត្រដល់បេក្ខជនសិស្សពូកែឆ្នាំសិក្សា២០១៩ -២០២០ ទូទាំងខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់វិញ្ញាបនបត្រ ដល់សិស្សពូកែផ្នែកគណិតវិទ្យា រូបវិទ្យា និងអក្សរសាស្ត្រខ្មែរសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ទូទាំងខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឱ្យដឹងថា  ការប្រឡង ជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស ត្រូវបានបង្កើតឡើងក្រោមគំនិត ផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំសិក្សា១៩៩៦-១៩៩៧ មកម្ល៉េះ ដោយកាលនោះការប្រឡងនេះមានឈ្មោះថា ការប្រឡងជ្រើសរើសសិស្សពូកែ ទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រ និងគណិតវិទ្យាដើម្បីទទួលពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ។

លោកប្រធានមន្ទីរបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នេះជាលទ្ធផល សម្រាប់ខេត្តក្រចេះទទួលបានសិស្សជ័យលាភីចំនួន៣០នាក់ ដោយក្នុងនោះមាន សិស្ស ជ័យលាភីថ្នាក់ទី១២ ផ្នែកវិញ្ញាសារអក្សរ សីល្ប៍ខ្មែរចំនួន ៥នាក់ ស្រី៤នាក់ ផ្នែកវិញ្ញាសា គណិតវិទ្យាមានចំនួន៥នាក់ ស្រី៤នាក់ និងផ្នែកវិញ្ញាសារូបវិទ្យាមានចំនួន៥នាក់ ស្រី៣ នាក់ ។  ជ័យលាភីថ្នាក់ទី៩ ផ្នែកវិញ្ញាសារអក្សរ សិល្ប៍ខ្មែរមានចំនួន៥នាក់ ស្រីទាំងអស់។  ផ្នែក វិញ្ញាសារគណិតវិទ្យាមាន៥នាក់ ស្រី៣នាក់ និងសិស្សជ័យលាភីផ្នែកវិញ្ញាសារូបវិទ្យា មានចំនួន៥នាក់ ស្រី៤នាក់។

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានសម្តែងនូវការ អបអរសាទរយ៉ាងកក់ក្តៅ ចំពោះសិស្សជ័យលាភីក្នុងឆ្នាំសិក្សា២០១៩-២០២០ ផ្នែកអក្សរ សាស្ត្រខ្មែរ គណិតវិទ្យានិងរូបវិទ្យា និងបានជំរុញលើកទឹកចិត្តឱ្យខិតខំព្យាយាមរៀន សូត្របន្ថែមទៀតដើម្បីដណ្តើមជ័យលាភីសម្រាប់ការប្រឡងសិស្សពូកែទូទាំងប្រទេស។

នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្ស ជ័យលាភីទាំង៣០នាក់តាមចំណាត់ថ្នាក់គឺសិស្សជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៣២ម៉ឺនរៀល លេខ២ទទួលបាន២៩ម៉ឺនរៀល លេខ៣ទទួលបាន២៦ម៉ឺនរៀល លេខ៤ទទួល បាន២៤ម៉ឺនរៀល និងសិស្សជ័យលាភីលេខ៥ ទទួលបានថវិកាចំនួន ២២ម៉ឺនរៀល ៕

ដោយ ជួន សុជាតិ