បញ្ហាសារធាតុហាមឃាត់ក្នុងកីឡាជនពិការត្រូវបានលើកឡើង ដើម្បីសម្រួចគោលដៅ ឆ្ពោះទៅរៀបចំម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបើកសិក្ខាសាលាស្តីពីការប្រឆាំងដូប៉ា ឬដូពីង សម្រាប់មន្ត្រី គ្រូបង្វឹក អត្តពលិកពិការនៅទីស្នាក់ការមជ្ឈមណ្ឌលជាតិនៃជនពិការ តេជោ សែន រាជធានីភ្នំពេញ រយៈពេលពីរថ្ងៃទី២៩-៣០ខែកក្កដា ឆ្នាំ២០២០ ដោយគេជឿជាក់ថា បញ្ហាប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងវិស័យកីឡានេះគឺជាចំណែក ដ៏ធំមួយ ក្នុង ការសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាឯកឧត្តម យី វាសនា បាន​មានប្រសាសន៍ថា សិក្ខាសាលានេះទទួលបានកិច្ចសហការពីក្រសួងអប់រំ យុវជន និង​កីឡា តាមរយៈ CADA និងនាយកដ្ឋានអប់រំកាយ និងកីឡា ដែលនេះជាវគ្គបណ្តុះបណ្តាល​ដ៏សំខាន់មួយដើម្បីផ្តល់ចំណេះដឹងជូនដល់មន្ត្រី គ្រូបង្វឹក និងអត្តពលិកពិការ ដោយដូប៉ា ឬដូពីងនេះ គឺជាសារធាតុ ដែលហាមឃាត់ក្នុងវិស័យកីឡា ឬការប្រឆាំងនឹងគ្រឿងញៀន។

ឯកឧត្តមបញ្ជាក់ថា នេះជាលើកទី១ដែលគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជាបាន​រៀប​ចំ​ឡើង ដោយយើងចង់ឃើញកម្ពុជាស្អាតកម្ពុជាគ្មានគ្រឿងញៀន ហើយការយល់ដឹងពី​បញ្ហានេះ គឺជាកិត្តិយសរបស់ជាតិប្រសិនបើអត្តពលិកយើងចេញទៅប្រកួតនៅក្រៅ​ប្រទេស​ ដែលមានពាក់ព័ន្ធនឹងសារធាតុហាមឃាត់នេះ។ ទន្ទឹមនេះ កម្ពុជាយើងនឹងបាត់​បង់​កិត្តិយស​ហើយអន្តរជាតិនឹងមិនឱ្យយើងចូលរួមប្រកួតទេ ហើយប្រសិនបើយើង​យល់​ដឹង​និងអនុវត្តន៍បានល្អស្អាតស្អំកម្ពុជាតាមរយៈវិស័យកីឡា​និងមានកេរ្តិ៍ឈ្មោះល្អជាក់​ជាមិនខាន។ ឯកឧត្ដមបន្ដថា គោលបំណងនេះផ្តោតសំខាន់លើយុទ្ធនាការរបស់​កម្ពុជា​ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣ ក្រោយស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ ២សប្តាហ៍។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងបន្ថែមទៀតថា «សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិ​ការ​ជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឯកភាពរួចហើយថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ដូចបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ដែរ។ ដូច្នេះហើយ យើង ត្រូវផលិតក្រុមកីឡាជនពិការរបស់យើងដោយតាមរយៈសិក្ខាសាលានេះយើងមិនទាន់ដឹងថាយើងអាចផលិតក្រុមរបស់យើងបានប៉ុន្មាននៅឡើយទេ»។ ឯកឧត្តមលើកឡើងទៀតថា ក្នុងដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣នេះដែរ ប្រសិនបើយើងមានពាក់ព័ន្ធនឹងដូប៉ា ឬដូពីងនេះនឹងធ្វើឱ្យមានកេរ្តិ៍ឈ្មោះមិនល្អ ដល់ជាតិ ដូច្នេះហើយសូមចូលរួមទាំងអស់គ្នា។

ជាមួយគ្នានោះ ឯកឧត្តម យី វាសនាក៏បានចែករម្លែកឱ្យសិក្ខាកាមដែលចូលរួម​ក្នុងវគ្គនេះគប្បីផ្សព្វផ្សាយអំពីចំណេះដឹងប្រយុទ្ធនឹងគ្រឿងញៀននេះទៅដល់សាធារណជនក្រុមគ្រួសារ បងប្អូន មិត្តភ័ក្ត្រក៏ដូចជាជនមានពិការភាពដទៃទៀតឱ្យ​បានជ្រួតជ្រាបដែល​ចំណុចទាំងអស់នេះគឺជាចំណុចខ្លាំង ដែលគ្រប់សមាសភាពកីឡាករ កីឡាការិនីដែលមាន​ពិការភាពអាចប្រកួតប្រជែងដោយស្មើភាព ស្មើមុខដោយមិនប្រើកម្លាំងក្រៅខ្លួនមក​ជួយ​នោះទេ។​

សូមបញ្ជាក់ថា សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន៥០នាក់​លើប្រភេទ​កីឡា​សក្តានុពលចំនួន៩៕

ដោយ ហេង ណាលីន