ខេត្តព្រៃវែងឈ្នះជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

ក្រុមបាល់ទាត់ខេត្តព្រៃវែងបានឈ្នះម្ចាស់ជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន​ សែន លើកទី១៤ រដូវកាល ២០២០ ក្រោយពីបានយកឈ្នះគូប្រជែង ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅកីឡដ្ឋានជាតិអូឡំាពិក។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមទាំងពីរក្សាបានលទ្ធផលស្មើគ្នា ០ទល់០ នៅវគ្គទី១ ហើយ ទើបនឹងចាប់ផ្តើមវគ្គទី២ ពោលគឺនៅនាទី៤៨ ក្រុមខេត្តព្រៃវែងធ្វើសម្រេចបាន១គ្រាប់ ដោយកីឡាករ វុធ តុលា ដែលនេះជាគ្រាប់បាល់ជ័យជម្នះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោងតែម្តង។

ដោយឡែក១ប្រកួតទៀត ដែលដណ្តើមចំណាត់ថ្នាក់លេខ៣រវាងក្រុមខេត្តសៀមរាប និងខេត្តកែប គឺក្រុមខេត្តកែប ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះដោយលទ្ធផលបច្ចេកទេស ៣ទល់០ ដោយ៣គ្រាប់របស់ខេត្តកែប រកបានដោយកីឡាករ លី ស៊ុបយ៉ានី នៅនាទី៥១ និង២គ្រាប់ទៀតរកបាន ដោយកីឡាករ ជឿន ណាចារ នៅនាទី៦៧ និងនាទី៩០។ ៤ក្រុមចុងក្រោយ គឺក្រុមខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកែប និងខេត្តសៀមរាប គឺជាបេក្ខភាពឡើងទៅប្រកួតថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០នេះ ជាមួយនឹង១២ក្រុមផ្សេងទៀត ក្នុងចំណោម១៣ក្រុម ដែលកំពុងស្ថិតនៅ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។ ការចាប់ចែកពូលវគ្គ១៦ក្រុមថ្នាក់ជាតិនឹងធ្វើ ឡើងនៅ ថ្ងៃសុក្រ ទី៣១ខែកក្កដា ឆ្នាំ២០២០ហើយការប្រកួតផ្លូវការនឹងត្រូវចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២០ តទៅ។

សូមបញ្ជាក់ថា សម្រាប់ជ័យលាភីថ្នាក់ខេត្តរួមមាន៖ អ្នកចាំទីល្អ កីឡាករ វីរៈ ដារ៉ា ក្រុមខេត្តព្រៃវែង ប្រាក់រង្វាន់១លាន៥សែនរៀល, អ្នកទាត់បញ្ជូលទីច្រើនជាងគេ កីឡាករ ទេព សើហ្វីអ៊ី រកបាន១២គ្រាប់ មកពីក្រុមខេត្តកែប ប្រាក់រង្វាន់១លាន៥សែនរៀល, គ្រូបង្វឹកល្អជាងគេ បានទៅលើគ្រូបង្វឹកខេត្តព្រៃវែង ប្រាក់រង្វាន់ ១លាន៥សែនរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ខេត្តកែប ទទួលបានមេដាយសំរឹទ្ធិ ប្រាក់ រង្វាន់ជ័យលាភី ៥លានរៀល, ចំណាត់ថ្នាក់ក្រុមរងជើងឯក ក្រុមខេត្តត្បូងឃ្មុំ មេដាយប្រាក់ ដោយទទួល បានប្រាក់រង្វាន់ចំនួន ៧លាន៥សែនរៀល និងក្រុមជើងឯក​ ខេត្តព្រៃវែង ទទួលពានរង្វាន់ និងមេដាយ មាស អមដោយប្រាក់រង្វាន់ចំនួន ១៥លានរៀល ដោយការប្រគល់ពានរង្វាន់ បំពាក់មេដាយ និងប្រគល់ ប្រាក់រង្វាន់ជើងឯកនេះត្រូវបានប្រគល់ជូនដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

ដោយ ហេង ណាលីន