សម្តេចក្រឡាហោម ស ខេង៖ គិតចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២០​ មានពលករខ្មែរ វិលត្រឡប់មកកម្ពុជាវិញជាង១០ម៉ឺននាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ —

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា គិតចាប់​ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជា​ដែលវិល​ត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ-១៩ ជាង១០ម៉ឺននាក់។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកា​សញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងដំណាក់កាលបច្ចុប្បន្នការធ្វើទេសន្តរប្រវេសន៍រឹតតែ ប្រឈមខ្លាំង ដោយហេតុថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ មិនតែប៉ុណ្ណោះ ប្រទេសមួយចំនួនបាននិងកំពុងតែកើនឡើងនូវចំនួនអ្នកឆ្លងថ្មីយ៉ាងច្រើន លើសលុបរៀងរាល់ថ្ងៃ។ សម្ដេចក្រឡាហោមបានបន្ដថា ស្ថានភាពនេះបានធ្វើឱ្យ​ប្រទេស​ដែលទទួលពលករ ក៏ប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ច​ពិភព​លោក និងសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញឱ្យដំណើរការនៃរោងចក្រ សហគ្រាស និងវិស័យ​សេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់។ សម្ដេចក្រឡាហោមបាន​បញ្ជាក់​ថា ចំណែកឯវិធានការបិទព្រំដែន និងបិទការនាំចូលពលករបរទេស ក៏នៅបន្ត ដែល​ជាហេតុធ្វើឱ្យពលករ ត្រូវធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ថា តើគួរបន្តស្នាក់​នៅក្នុងប្រទេសគោលដៅដោយមិនមានការងារ ប្រាក់ចំណូល ឬក៏ត្រូវត្រឡប់មកកូមិ​ស្រុក​វិញ ដើម្បីជួបជុំគ្រួសារ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើ​ទេស ន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ-១៩ មានប្រមាណ ១០ម៉ឺន៣ពាន់នាក់ និងស្រ្តី ប្រមាណ ៤៥ ភាគរយ។ សម្ដេចក្រឡាហោមបានបន្ថែមថា “យើងបាន និងកំពុងទទួលសង្គ្រោះពលករ ដែលវិលត្រឡប់មកវិញ ដោយគេចវះពីស្ថានភាពលំបាក ក្នុងប្រទេសគោលដៅ និង​ព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ ក្នុងអំឡុងពេលដែលប្រទេស​គោល​ដៅបាន និងកំពុងរឹតបន្តឹង និងបិទប្រទេស ដើម្បីកាត់បន្ថយការឆ្លងទៅមក នូវជំងឺ​កូវីដ-១៩” ។
សម្ដេចក្រឡាហោមបានឱ្យដឹងទៀតថា ស្ថានភាពបែបនេះ នឹងមិនអាចបញ្ចប់​ដោយ​ងាយៗនោះទេ ហើយក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈពេលវែង ហេតុនេះ កិច្ច​ការពារពលករ ទាំងនៅ​ក្នុងប្រទេសដើម ទាំងនៅក្នុងប្រទេសគោលដៅ គឺជាភារកិច្ច ចាំបាច់ ដែលគប្បីត្រូវយក​ចិត្តទុកដាក់។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា ក៏បាន​យក​ចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រោះប្រជាជនកម្ពុជា បាន និងកំពុងតែ ទទួលរងនូវស្ថាន​ភាពទាំងអស់នេះ អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ៕

ដោយ ប៊ុនរិទ្ធ