កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីការងារចុះបញ្ជីគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ

AKP តាកែវ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០–

កាលពីព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការនគរបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទនិងនីតិវិធីការងារចុះបញ្ជីគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារពីអធិការនគរបាលក្រុង ស្រុក មកឱ្យប៉ុស្តិ៍រដ្ឋបាល ជាអ្នកធ្វើកិច្ចការនេះវិញ ដោយអធិការនគរបាលក្រុង ស្រុក ចាត់បញ្ជូនក្រុមការងារចល័តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រចាំការផ្តល់សេវានៅការិយាល័យច្រកចេញ-ចូលតែមូយ តាមរដ្ឋបាលក្រុង ស្រុក។

ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី អេង សុខលី ស្នងការរងនគរបាលខេត្តតាកែវ ទទួលបន្ទុកផែនការងារអត្តសញ្ញាណកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង ស្រុក នាយប៉ុស្តិ៍ និងមន្ត្រីទទួលការងារអត្តសញ្ញាណកម្មជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ អេង សុខលី បានធ្វើការជំរុញនិងក្រើនរម្លឹកដល់មេប៉ុស្តិ៍រដ្ឋបាល ទាំង ១០០ប៉ុស្តិ៍ ក្នុងខេត្តតាកែវ ត្រូវខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនឱ្យបានល្អ ជាពិសេសបញ្ហាផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារដល់បងប្អូនប្រជាពលរដ្ឋដែលក្រសួងមហាផ្ទៃទើបតែផ្ទេរការងារនេះពីអធិការនគរបាលក្រុង ស្រុក មកឱ្យប៉ុស្តិ៍រដ្ឋបាលជាអ្នកធ្វើកិច្ចការនេះវិញ។

លោកឧត្តមសេនីយ៍ត្រី អេង សុខលី មានប្រសាសន៍បន្តថា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមលិខិតរបស់ក្រសួងមហាផ្ទៃដែលបានចេញសេចក្តីប្រកាសផ្ទេរសមត្ថកិច្ចធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ពីអធិការនគរបាលក្រុង ស្រុក ជូនទៅប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ក្នុងការសម្រេចផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតបញ្ជាក់ទីលំនៅ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗទៀតដែលបានកំណត់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងការបង្កបញ្ហាផ្សេងៗដែលនាំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋ។

លោកស្នងការរងនគរបាលខេត្តតាកែវមានប្រសាសន៍បន្ថែមថា នេះជាការងារថ្មីមួយទៀតសម្រាប់នាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ។ ដូច្នេះមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវតែពង្រឹងការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋមានទំនុកចិត្តមកលើមន្ត្រីនគរបាលរបស់យើង។

នៅក្នុងឧិកាសនោះដែរលោកឧត្តមសេនីយ៍ត្រី អេង សុខលី ក៏បានធ្វើការណែនាំដល់ មន្ត្រីនគរបាលទាំងអស់ ជាពិសេសមន្ត្រីនគរបាលដែលនៅតាមមូលដ្ឋាន ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងត្រូវតែធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវក្តាប់ សភាពការណ៍ឱ្យបាន កំណត់មុខសញ្ញាគ្រប់ប្រភេទឱ្យបានច្បាស់លាស់ ហើយរាយការណ៍ជូនថ្នាក់លើឱ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលដល់កិច្ចសហប្រតិបត្តិការនិងការជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលាផងដែរ នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងមូល ដ្ឋានរបស់ខ្លួន៕ ដោយ៖អ៊ុច សៀង