ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយអភិបាលខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០–

នៅរសៀលថ្ងៃពុធ ៩កើតខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។

ឯកឧត្តម ថង សាវុន បានជម្រាបគណៈកម្មការទី៨ នៃរដ្ឋសភា អំពីវឌ្ឍនភាពនៃការអភិវឌ្ឍខេត្ត ដែលបានសម្រេចនូវសមិទ្ធផលផ្សេងៗជាច្រើន ជាពិសេសខេត្តបានបន្តពង្រឹង ពង្រីក និងលើកកម្ពស់ការអភិវឌ្ឍសង្គមកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពង្រឹងការអភិវឌ្ឍស្ថាប័ន ការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់ប្រយោជន៍សហគមន៍ និងប្រជាជនក្នុងមូលដ្ឋាន។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តរតនគិរីនាពេលនេះ ជាបេសកកម្មចុះមូលដ្ឋានដើម្បីឈ្វេងយល់ពីស្ថានភាពអនុវត្តន៍ច្បាប់ និងគោលនយោបាយក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។

លោកជំទាវបន្តថា កិច្ចការសំខាន់ដែលគណៈកម្មការទី៨ចង់ដឹង គឺវឌ្ឍនភាពនៃការអភិវឌ្ឍ និងការអនុវត្តកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាលរបស់រដ្ឋបាលខេត្តរតនគិរី ដែលមានការពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ បញ្ហាប្រឈមនានា និងការសំណូមពររបស់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការ កត់ត្រាឱ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និងជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅឱ្យការអនុវត្តការងារនៅក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោកជំទាវក៏បានជំរុញដល់រដ្ឋបាលខេត្តរតនគិរី និងមន្ទីរជំនាញ ដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងលើកិច្ចការរបស់ខ្លួនឱ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ៕ ដោយ៖ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តរតនគិរី)