រដ្ឋសភាជំរុញថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំផែនការមេទាក់ទាញ អ្នកវិនិយោគលើវិស័យកសិ -ទេសចរណ៍

AKP សៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភា បានជំរុញ ឱ្យថ្នាក់ដឹកនាំខេត្តសៀមរាប ត្រូវរៀបចំផែនការមេ ដើម្បីទាក់ទាញអ្នកវិនិយោគលើវិស័យ ទេសចរណ៍ កសិកម្ម និងកសិ-ទេសចរណ៍ ដើម្បីឆ្លើយតបចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការ សកម្មភាពស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ។ ការជំរុញបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងគណៈកម្មការផែនការ នៃរដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តីរដ្ឋបាលខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅនៅថ្ងៃពុធ ៩កើតខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលាខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានរាយការណ៍ជូនគណ:កម្មការជំនាញនៃរដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបានកន្លងមក និងបានលើកឡើងពីការលំបាក បញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដោយបានស្នើសុំគណៈកម្មការជំនាញទី៣នៃរដ្ឋសភា ជួយធ្វើអន្តរាគមន៍ ដើម្បីរកមធ្យោបាយដោះស្រាយ។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងទៅនឹងការងារគណៈកម្មការជំនាញទី៣ អំពីកង្វះនូវបច្ចេកទេសក្នុងការប្រើប្រាស់ពូជ ជី សម្រាប់ការដាំដុះរបស់ប្រជាកសិករ។

ចំពោះបរិស្ថាន ការគ្រប់គ្រងប្រមូលសំរាម និងទីធ្លាចាក់សំរាម មិនទាន់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន និងការលួចកាប់ទន្ទ្រានដីព្រៃ ព្រៃលិចទឹក និងប្រព័ន្ធស្រោចស្រពប្រើប្រាស់ទឹកមិនគ្រប់គ្រាន់នៅក្នុងរដូវ ប្រាំង ធ្វើឱ្យការងារផលិតរបស់ប្រជាកសិកររងផលប៉ះពាល់។

មានប្រសាសន៍ឆ្លើយតបនាឱកាសនោះ ឯកឧត្តម ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តសៀមរាប និងភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការងារ ក្នុងការបម្រើប្រជាពលរដ្ឋ។ ឯកឧត្តម បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តយកចិត្តទុក ដាក់ក្នុងការងារបន្តទៀត។ ចំពោះការលំបាក និងបញ្ហាប្រឈមដែលខេត្តបានលើកឡើង

គណៈកម្មការបានបញ្ជាក់ថា នឹងពាំនាំយកទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា ដើម្បីឱ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។ ម៉្យាងទៀតការកាប់បំផ្លាញព្រៃឈើនៅតំបន់ខ្នងភ្នំគូលែន បានធ្វើឱ្យស្ថានភាពបរិស្ថាននៅខ្នងភ្នំមានការប្រែប្រួល ព្រមទាំងប៉ះពាល់ដល់វិស័យកសិកម្មនៅខេត្តសៀមរាបទៀតផង។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ឱ្យដឹងទៀតថា កត្តាសំខាន់នោះ អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ លើការដាំដុះដំណាំបន្លែសរីរាង្គប្រកបដោយសុវត្ថិភាព ជំរុញឱ្យប្រជាកសិករបង្កើនការផលិតបន្លែសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ដើម្បីឈានទៅបញ្ឈប់ការនាំចូលបន្លែពីខាងក្រៅ ព្រមទាំងបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៀតផង។យើងសង្ឃឹមជឿជាក់ថា ក្រោយពីបញ្ចប់កូវីដ-១៩ នឹងធ្វើឱ្យខេត្តទេសចរណ៍មួយនេះមានការអភិវឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋមានភាពរីកចម្រើនប្រកបដោយចីរភាពទៀតផង ៕ ដោយ៖ហង្ស សៀក