ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌត្រូវវាយ ឬកាត់ចោល រាល់សំណង់ណាដែលសង់លើសពីច្បាប់អនុញ្ញាត ដោយមិនត្រូវទុកបង្កហានិភ័យដល់មនុស្សនោះទេ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការហាមឃាត់ គ្រប់ការដ្ឋានសំណង់ដែលបានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត ។ ចំពោះសំណង់ខុសប្លង់ លើស៥ ឬ១០ជាន់ បើត្រូវវាយឬកាត់ជាន់ចោលគឺ កាត់ជាន់ទាំងនោះចោលតែម្តងមិនត្រូវទុករហូតបង្កហានិភ័យដល់មនុស្សនោះទេ។

ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឱ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ចៀសវាងនូវហានិភ័យផ្សេងៗកើតឡើងដោយ យថាហេតុ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការសង់សំណង់ខុសច្បាប់អនុញ្ញាតត្រូវហាមឃាត់ ឬវាយចោលមិនត្រូវទុកឱ្យមានការភ័យកើតឡើងទេ ។ បញ្ហាបែបនេះយើងធ្លាប់បានវាយ និងកាត់សំណង់កម្ពស់ ១០ជាន់រួចម្តងហើយ។ ការធ្វើដូច្នេះគឺដើម្បីកុំឱ្យមានហានិភ័យកើតឡើងប៉ះពាល់ដល់អាយុជីវិតមនុស្ស។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកគាំទ្រជានិច្ចចំពោះការបើកការដ្ឋានឱ្យសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់គ្មានច្បាប់ និងសំណង់ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ។

ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម ឯកឧត្តមអភិបាល រាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ចៀសវាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរថាមិនបានយកចិត្តទុកដាក់ចំពោះរពួកគាត់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះមានហានិភ័យខ្ពស់ណាស់ ។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន ២៤៥ទីតាំង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ៕ ដោយ៖សួស សំរិត