អភិបាលខេត្តបន្ទាយមានជ័យ បំផុសប្រជាពលរដ្ឋឱ្យចូលរួម​សម្អាតបរិស្ថាន និងបំបាត់ជម្រកមូសខ្លា

AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានបំផុសដល់ប្រជាពលរដ្ឋនៅទូទាំង​ខេត្តឱ្យចូលរួមទាំងអស់គ្នាបន្តធ្វើអនាម័យសម្អាតបរិស្ថាន និងលុបបំបាត់ជម្រកមូសខ្លាដើម្បី បង្ការទប់ស្កាត់ជំងឺគ្រុន​ឈីក( Chikunngunya) ​និងជំងឺគ្រុនឈាម។

ការថ្លែងបំផុសបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី និងឯកឧត្តម ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារបានបន្តចុះផ្សព្វផ្សាយនៃយុទ្ធនាការ ស្តីពីការអប់រំផ្សព្វ ផ្សាយអំពីជំងឺគ្រុនឈីក ( Chikunngunya) និងជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន ស្រុកភ្នំស្រុក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ដោយបានចុះដាក់ថ្នាំអាប៊ែត ចែកមុង ជ្រលក់ថ្នាំ តាមខ្នងផ្ទះប្រជាពលរដ្ឋ និងបានចូលរួមធ្វើអនាម័យការសំអាត បរិស្ថានតាមទី សាធារណៈ ផ្ទះសម្បែង ​ ប្រជាពលរដ្ឋដើម្បីលុបបំបាត់ជម្រកមូសខ្លា។

នៅទីនោះឯកឧត្តម អ៊ុំ រាត្រី បានផ្តល់ការអប់រំសុខភាពដល់ប្រជាពលរដ្ឋ អំពីអនាម័យ បរិស្ថាន អនាម័យខ្លួនប្រាណ សុវត្ថិភាពចំណីអាហារ និងវិធីបង្ការជំងឺឆ្លងផ្សេងៗ បំផុស​ឱ្យមានការចូលរួមសម្អាតបរិស្ថាន និងបំបាត់ជម្រកមូសខ្លា  សម្លាប់​មូសខ្លានៅ ភូមិគោលដៅ និងទីសាធារណៈ។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងទៀតថា សព្វថ្ងៃនេះក្រុមការងារ បាន និងកំពុងបន្តបើក យុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយតាមរយៈរថយន្តចល័ត ការដាក់ថ្នាំអាបែតក្នុងអាង និងពាងទឹក នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងការធ្វើអនាម័យសំអាតបរិស្ថាន បំបាត់ជម្រកមូសខ្លា និងបន្តធ្វើយុទ្ធនាការ នៅតាមបណ្តាស្រុកមួយចំនួនទៀត ដែលមានការផ្ទុះជំងឺគ្រុនឈាម និងគ្រុនឈីកផងដែរ។

ជាមួយនោះដែរអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់​មន្ត្រីសុខាភិបាល​ ​​នៅគ្រប់ជាន់ថ្នាក់ឱ្យបន្តការខិតខំចុះស្រាវជ្រាវ និងអន្តរាគមន៍រាល់បញ្ហាសុខភាពដែល អាចកើតឡើងជាយថាហេតុ ​ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។ ​

ជាមួយគ្នានោះអភិបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន អាជ្ញាធរ និងសង្គមស៊ីវិលទាំងអស់ ត្រូវដឹកនាំចូលរួមកំចាត់នូវភ្នាក់ងារ ចម្លងជំងឺគ្រុនឈាមនេះ គឺមូសខ្លាត្រូវកម្ចាត់ដង្កូវទឹកដែលនៅតាមទឹកថ្លាត្រូវយកចិត្តទុកដាក់ លើបញ្ហាការពារទប់ស្កាត់ ការរីករាលដាល នៃជំងឺគ្រុនឈាម និងគ្រុនឈីកនេះ ដោយការសំអាតបរិស្ថាន នៅក្នុងផ្ទះរបស់ខ្លួន គឺធ្វើយ៉ាងណាកុំឱ្យមានកន្លែងដក់ទឹកបាន មានថ្លុកសំបកកង់សំបកដូងសំបកកង់ឡានត្រូវលុបនិងជីកកប់ឱ្យបានស្អាតមិនត្រូវបណ្ដោយទុកឱ្យរបស់ដែលដក់ទឹកបាននាំឱ្យកើតមានដង្កូវទឹក និងមានមូសខ្លា។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ទៀតថា បើយើងសង្ស័យថាកូនរបស់យើងមាន អាការៈរោគ ដូចជាក្តៅខ្លួនខ្លាំងលើស២ថ្ងៃមានកន្ទួលក្រហមលើស្បែកឈឺពោះ និងឈឺខ្លួនប្រាណត្រូវ បញ្ជូនទៅកាន់មណ្ឌលសុខភាពឬ​មន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ដើម្បីជួយសង្គ្រោះ​ ជាបន្ទាន់​៕

ដោយឈុនសារ៉ាត