ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាសន្យាថា នឹងគាំទ្រពេញលេញដល់ការអនុវត្តគោល​នយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានសន្យា ថានឹងគាំទ្រពេញលេញដល់ការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ​របស់កម្ពុជា ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកិច្ច​សហប្រតិបត្តិការជិត​ស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់​រដ្ឋាភិបាល​និង​ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ការលើកឡើងរបស់ឯកឧត្ដម ឯកអគ្គរដ្ឋទូតនេះ ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាម​ក្រសួង​មុខងារសាធារណៈ។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បាន​វាយតម្លៃខ្ពស់អំពីការរីកចម្រើនយ៉ាងរឹងមាំនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្ដមឯកអគ្គរដ្ឋទូត​បាន​លើកឡើងថា មកដល់បច្ចុប្បន្ននេះ ទោះបីត្រូវប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ-១៩ ចំណង​មិត្តភាពដែកថែបរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងនិងលើកកម្ពស់​បន្ថែម​ទៀត សំដៅសម្រេចគោលដៅកសាងឱ្យបានសហគមន៍ជោគវាសនារួម។

ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបាន​សម្តែងនូវការ​ឯកភាព​ទាំងស្រុងលើការវាយតម្លៃរបស់ភាគីចិនចំពោះសន្ទុះដ៏ខ្លាំងក្លានៃទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ វប្បធម៌ និងការទូត ដែលបានឈានដល់កម្រិតមួយថ្មីទៀត។ ជាមួយគ្នានេះ កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនឹងត្រូវបានចុះហត្ថលេខាក្នុងពេល​ដ៏ខ្លីខាងមុខ​នេះ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានឯកភាពលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើ​វិស័យមុខ​ងារសាធារណៈរវាងប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសលើការកសាងអភិវឌ្ឍន៍ សមត្ថភាព ធនធាន​មនុស្សដែលជាមន្ត្រី​រាជ​ការបម្រើការងាររដ្ឋបាលសាធារណៈ៕

ដោយ ឡុង ស៊ីវ៉ាន់