ក្រសួងសាធារណការនឹងបង្កើតស្ប៉តអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០–ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រី​​ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសថា ក្រសួងនឹងផលិតស្ប៉តអប់រំផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ផ្លូវគោកដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីបង្កើនការយល់ដឹ​ងដ​ល់​ប្រ​ជា​ព​លរដ្ឋទូលំទូលាយ មានស្មារតីភ្ញាក់រលឹកគោរពច្បាប់ ប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរា​ច​​រណ៍។

ថ្លែងក្នុងពិធីប្រគល់ទទួល ផ្ទាំងសញ្ញាចរាចរណ៍ សម្រាប់គោលដៅត្រួតពិនិត្យកា​រអ​នុ​វ​ត្ត​​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន៣០០រនាំង ជូនអគ្គស្នងការដ្ឋាន​នគ​រ​បាលជា​តិ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២៩ខែកក្កដាឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការផលិ​ត​ស្ប៉​​តអ​ប់រំច្បាប់ចរាចរណ៍នេះនឹងជួយពង្រឹងបន្ថែមទៀតលើការបង្កើនការគោរពច្បាប់ចរា​ចរ​ណ៍​​រ​ប​ស់​ម​ន្ត្រី​ប៉ូ​លិស។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា«យើងមិនអាចពឹងផ្អែកតែលើគណៈកម្មការជាតិ​សុ​វ​ត្ថិ​ភា​ពចរាចរណ៍ផ្លូវគោកទេទី១,ទី២យើងខ្ញុំខិតខំប្រឹងប្រែងធ្វើស្ប៉តមួយ ឥឡូវធ្វើស្ប៉​តមួ​យ​តា​ម​សំណូមពរឯកឧត្តម នាយឧត្តមសេនីយ៍ អម្បាញ់មិញនេះ គួរមានស្ប៉ត​មួ​យទា​ក់​ទ​ង​ច្បា​ប់​ច​រា​ច​រ​ណ៍ទាំងមូលតែម្តង អ៊ីចឹងយើងយល់ថា ជាការល្អពីដើមយើងធ្វើស្ប៉ត​៧​ហើ​យទាក់​ទ​ង​ពា​ក់​មួ​កសុវត្ថិភាព ជិះឡានត្រូវពាក់ខ្សែក្រវ៉ាត់ កុំប្រើគ្រឿងស្រវឹង។ល។និង។​ល​។​ យើ​ង​បា​ន​ធ្វើ​៧​ហើ​យប៉ុន្តែដាច់ដោយឡែក អ៊ីចឹងយើងរៀបចំស្ប៉តមួយនេះរួមតែម្តងអំពី​ច្បា​ប់​​​ច​រាច​​​រណ៍ផ្លូ​វ​គោ​ក​ដែលមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ទាំងព្រះសង្ឃ  ទាំងតាអាចារ្យ កសិករ និស្សិត សិល្បៈករសិល្បៈការិនី កីឡាករកីឡាការិនី ទាំងអស់ ឱ្យចូ​ល​ក្នុ​ង​ស្ប៉ត​តែ​មួ​យ​ដើ​ម្បី​យកស្ប៉តនេះចាក់ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក»។

ការប្រកាសផលិតស្ប៉តអប់រំផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ផ្លូវគោកដោយមានការចូល​រួ​ម​ពី​គ្រ​ប់មជ្ឈដ្ឋានរបស់ ឯ​ក​ឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នេះ ធ្វើឡើងបន្ទាប់ពី​មា​ន​សំ​ណូ​ម​ព​រ​​សុំកិច្ចសហការពី​ ​ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិឱ្យ​មា​​ន​​​​​​​កិ​ច្ចសហការ អប់រំ បណ្តុះបណ្តាលច្បាប់ចរាចរណ៍ដ​ល់ប្រជា​ពល​រ​ដ្ឋ​និ​ង​កែ​ស​ម្រួ​ល​ហេ​ដ្ឋា​រ​​ច​​​​​នា​​​​​​​ស​​ម្ព័​ន្ធចរាចរណ៍ដើម្បីសម្រួលដល់ការពង្រឹងការគោរពច្បាប់ចរាចរណ៍។

សូមរម្លឹកថា កន្លងមក​​ក្រសួងសាធារណការនិងដឹកជញ្ជូនតាមរយៈគណៈក​ម្មការជា​តិ​សុ​​​​វ​ត្ថិ​ភាពចរាចរណ៍ផ្លូវគោកបានបើកយុទ្ធនាការចែកមួកសុវត្ថិភាព បិទចំណាំងផ្លាត និងយុទ្ធ​នា​កា​រផ្សេងៗជាច្រើនទៀត ព្រមទាំង​ប​ណ្តុះ​​ប​ណ្តា​លបុគ្គលិកឯកជន៤៤នាក់មកពី​២​៥​ក្រុ​ម​ហ៊ុនបន្តបង្រៀនគ្រូបង្គោលមកពីក្រុ​ម​ហ៊ុ​ន​ឯកជ​ន​ដើម្បីឱ្យគាត់យក​ទៅបណ្តុះ​បណ្តា​ល​ប​ន្ត​ទៀ​​ត​ជំរុញឱ្យមានការយល់ដឹងនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

អត្ថបទៈ គង់ សិរីរ័ត្ន, រូបថតៈ ឯល វឌ្ឍនៈ