គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការអនុវត្តការងារខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

រដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមានការ អញ្ជើញចូលរួមពីឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ព្រមទាំងវត្តមាន របស់លោក លោកស្រី ជាអភិបាលរងខេត្ត អង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត រួមទាំងកងកម្លាំង ទាំងបីប្រភេទ បានទទួលជួបពិភាក្សាជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំ​ របស់រដ្ឋបាលសាលាខេត្តព្រះវិហារ។

កិច្ចពិភាក្សាការងារ គឺក្នុងគោលបំណងសិក្សាឈ្វេងយល់ពីស្ថានភាពភូមិសាស្ត្រ និង ប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាព នៃការអនុវត្ត ច្បាប់នានា វឌ្ឍនភាពការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីក ចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសលើការងារផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា ការងារគ្រប់គ្រង និងការត្រៀមបង្ការ ការ រីករាលដាលជំងឺកូវី១៩ កំពុងប្រឈម​យ៉ាងខ្លាំងរដ្ឋបាល​ខេត្ត​ដែល​មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធ បានសហការយ៉ាងជិតស្និទ្ធ តាមរយៈការរឹតបន្តឹងការត្រួតពិនិត្យចំណាក ចំណូលស្រុក ជា​ពិសេស​ពលករដែលចេញចូលតាមច្រកទ្វារព្រំដែន បានរៀបចំនូវ មណ្ឌលចត្តាឡីស័កនៅតាមក្រុងស្រុកទាំង៨ ការដាក់គ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលនីមួយៗជាដើម។

ឯកឧត្តមអភិបាលខេត្តបន្តថា ដោយគិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ខេត្តព្រះ វិហារទទួលបានពលករដែល​ចំណាកស្រុកមក​ពី​ប្រទេស​ថៃ និងប្រទេសនានា ចំនួន៦៨៣ នាក់ ក្នុងនោះស្រី៣១០នាក់ និងបានដាក់ឱ្យនៅមណ្ឌលចត្តាឡីស័ក​ដោយរដ្ឋបាល ថ្នាក់ក្រោម​ជាតិ​ចំនួន១៧៦នាក់​ និងធ្វើចត្តាឡីស័កដោយខ្លួនឯងចំនួន៥០៦នាក់។ ចំពោះ ការងារតេស្តសំណាក​ចំនួន២៥២នាក់ ស្រី១៦៦នាក់ ក្នុងនោះលទ្ធផល អវិជ្ជមានចំនួន ២៤៧នាក់ ស្រី១១៥នាក់ និង២ករណីជាសះស្បើយ បានវិលត្រឡប់ទៅលំនៅ ឋានវិញ។

ចំពោះ​ការងារអនុវត្ត​ន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងកូវីដ១៩ រដ្ឋបាលខេត្តព្រះវិហារអនុវត្តបានដោយគិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ គ្រួសារក្រីក្របានមកផ្ទៀងផ្ទាត់​ឈ្មោះនៅ​តាមសាលាឃុំមានចំនួន១០.៨៩៧ គ្រួសារ ស្នើនឹងទឹកប្រាក់១.៩២១.៤០៤.០០០រៀល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ស្រ្តីមាន ផ្ទៃពោះ ស្រ្តីសម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំ មានចំនួន៦.៣៤២នាក់ ដែលមានទឹក ប្រាក់៣៦៧.២៨០.០០០រៀល។

ឯកឧត្តម ឡូយ សុផាត បានផ្តល់នូវអនុសាសន៍ និងណែនាំជាច្រើនលើការងារ អនុវត្ត របស់រដ្ឋបាលខេត្ត គឺដើម្បីយកទៅអនុវត្តបន្ត លើវិស័យពាក់ព័ន្ធដែលមានបន្តខិតខំទាក់ ទាញអ្នកវិនិយោគលើផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការស្វែងរកនូវ​សក្តា​នុពលរបស់ ដែលមានសម្រាប់ច្នៃជាផលិតផលសម្រេចនៅតាមសហគមន៍របស់ខ្លួន ការបន្តខិតខំ ពង្រឹងប្រព័ន្ធធារាសាស្រ្តដែល​បម្រើដល់​សេចក្តីត្រូវកា​ររបស់ប្រជាពលរដ្ឋ លើវិស័យកសិកម្ម ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា៕

ដោយ ទិត ស្រ៊