រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្មស្នើឱ្យសមាគមអ្នកផលិតទឹកស្អាត​កម្ពុជា និងអូស្តា្រលី ធ្វើការផ្លាស់ប្តូរ​ទស្សនកិច្ច ដើម្បីដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើតាមរយៈឯកឧត្ដមឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជាធ្វើការផ្លាស់ប្តូរ​ទស្សនកិច្ច ឬបង្កើតឱ្យមានព្រឹត្តិការណ៍ជួបជុំគ្នា រវាងសមាគមអ្នក​ផលិត​ទឹកស្អាតកម្ពុជា និងអូស្តា្រលី ដើម្បីដកស្រង់បទពិសោធន៍ និងផ្ទេរចំណេះដឹងគ្នាទៅ​វិញទៅមកលើវិស័យទឹកស្អាត។ ការលើកឡើងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតនេះ ក្នុង​ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋ​ទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​ឧស្សាហកម្ម។​ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធ​ផលផ្លែផ្កានៃការបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម Pablo Kang នៅកម្ពុជា ក្នុងការ​ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិតបត្តិការល្អប្រសើរ ជាពិសេសជាមួយគម្រោង​ការ​អភិវឌ្ឍ​ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលហៅថា៖គម្រោង3i(Tree i) (Investing in Infrastructure) ក្នុងនោះក៏រួមមានការអភិវឌ្ឍ​លើវិស័យទឹកស្អាតផងដែរ។ ឯកឧត្តមកិត្តិ​សេដ្ឋា​បណ្ឌិតបានរម្លឹកថា ក្រោមគម្រោង 3i ដែលអនុវត្តន៍តបណ្តាញទឹកស្អាតជូន ដល់​ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងតំបន់មួយចំនួន គឺជាបញ្ហាដែលគួរសាទរ។ ប៉ុន្តែ ជាគោល​នយោបាយ យើងមិនអាចធ្វើដូច្នេះបានទៅមុខទៀតទេ ពីព្រោះវាធ្វើឱ្យមានភាពខុសគ្នា រវាងប្រជាជនក្នុងតំបន់មួយ​និងតំបន់មួយទៀត ដែលគេប្រើប្រាស់ទឹកដោយការបង់ថ្លៃ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្ថែមថា ការអនុវត្តវិធីសាស្ត្រមិនយកថ្លៃប្រើប្រាស់ទឹកក្នុង តំបន់ណាមួយមិនត្រឹមតែមានការអាក់អន់ចិត្តចំពោះប្រជាពលរដ្ឋក្នុងតំបន់មួយផ្សេងទៀតទេ តែគម្រោងនេះ ក៏មិនធានានិរន្តរភាពយូរអង្វែងផងដែរ។ ឯកឧត្តមកិត្តិ​សេដ្ឋា​បណ្ឌិត​បានថ្លែងថា ការប្រើប្រាស់ដោយ​មិនបង់ថ្លៃ ពិតណាស់គឺមានភាពកំសោយផ្នែក​គ្រប់គ្រង និងថែរក្សា ហើយឈានទៅជួបបញ្ហាទៅថ្ងៃក្រោយ ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ និងគុណភាពទឹកថែមទៀតផង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានលើកឡើងផងដែរថា ក្រសួងឧស្សាហកម្ម ក៏ដូចជា​រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយរួច​ជាស្រេចហើយ ទៅលើការអនុគ្រោះ​ថ្លៃប្រើប្រាស់ទឹកចំពោះប្រជាពលរដ្ឋដែលមាន​ជីវភាព​ក្រីក្រ និងប្រជាពលរដ្ឋក្នុងកម្រិត​ជីវភាព​មធ្យមជាដើម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកគម្រោង​វិនិយោគ​នានាបស់ក្រុមហ៊ុនអូស្ត្រាលីធំៗនៅកម្ពុជា គឺផ្តល់នូវសារៈសំខាន់ និងបានអំពាវនាវឱ្យ​ក្រុមហ៊ុន​មកពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនឱ្យកាន់តែច្រើនថែមទៀត។

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានបង្ហាញនូវការរីក​រាយ​ចំពោះ​​ការបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងនោះ ឯកឧត្តមក៏បានឈ្វេងយល់​ពី​ដំណើរការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាផងដែរ។ ឯកឧតត្ដម ឯកអគ្គរដ្ឋទូតបានបន្ដថា នៅ​ពេល​ខាងមុខ ភាគីទាំងពីរនឹងពង្រឹងទំនាក់ទំនងក្នុងភាពវិជ្ជមានបន្ថែមទៀត ទាំងលើការ​អភិវឌ្ឍ​វិស័យទឹកស្អាត និងការវិនិយោគ ព្រមទាំងជំរុញដល់វិស័យឯកជនផងដែរ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតអូស្រ្ដាលី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានពិភាក្សាជារួមទៅលើគម្រោងវិនិយោគធំៗរបស់អូស្ត្រាលីនៅកម្ពុជា មាន​ដូចជា វិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្មកែច្នៃ វិស័យថាមពល និងរ៉ែ ជាដើម៕

ដោយ រិទ្ធី