រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច៖ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ នឹងផ្ដល់​ឱ្យកុមារគ្រប់រូបមានឱកាសស្មើៗគ្នា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានលើកឡើងថា គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារបានផ្ដល់ឱ្យកុមារគ្រប់រូបមានឱកាសស្មើៗគ្នា និងក្លាយជាធនធាន មនុស្សដែលអាចរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងពិធីផ្សព្វផ្សាយ និង​ដាក់​ឱ្យប្រើ​ប្រាស់គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការ ពារកុមារ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារបានមានប្រសាសន៍ថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារ កុមារ ជាយុទ្ធសាស្ត្របង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់អនុវត្តន៍ កន្លងមក និងចាំបាច់ត្រូវធ្វើការពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្ដមបានបញ្ជាក់ថា នេះគឺជាគោលនយោ​បា​យជាតិដែលត្រូវបានរៀបចំឡើងជាលើកដំ​បូងសម្រាប់រយៈពេល ១០ឆ្នាំ ២០១៩-២០២៨ ដែលអាចប្រមូល​ផ្តុំការវិនិយោគទៅលើកុមារទាំងស្មារតី ទាំងធន​ធានឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន ដើម្បី​ឱ្យកុមារគ្រប់រូប មានឱកាស​ស្មើៗគ្នា និងក្លាយជាធនធានមនុស្សដែលអាចរួមចំណែក ក្នុង ការអភិវឌ្ឍប្រទេសជាតិ។

លោកជំទាវ ញ៉េប ​សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បីកុមារបានលើកឡើងថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ គឺជាគោលនយោបាយមួយដែលបានបង្ហាញយ៉ាងច្បាស់ ពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុង ការ​លើកកម្ពស់សិទ្ធិ ​និងការការពារកុមារ ព្រមទាំងការដោះស្រាយបញ្ហាកុមារនៅកម្ពុជា។ លោកជំទាវបានបន្ដថា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ​ គោល នយោបាយនេះជាស្នាដៃតាក់តែងចងក្រងរួមគ្នាដោយ ក្រុមការងារអន្តរ​ក្រសួង​នៃគណៈ កម្មការការពារកុមារថ្នាក់ជាតិ។​ លោកជំទាវបានបន្ដទៀតថា ប្រព័ន្ធកិច្ចការពារកុមារ គឺជា​ការប្តេជ្ញាចិត្តខិតខំជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើការអនុវត្តកិច្ចការពារកុមារ ដែលមានលក្ខណៈជាប្រព័ន្ធនៅកម្ពុជា។ ប្រព័ន្ធនេះ រួមមាន​ ភាពចាំបាច់ក្នុងការវិនិ​យោគ​បន្ថែមលើមន្ត្រីសង្គមកិច្ច ឬបុគ្គលិកសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញសេវាការពារ​កុមារ​ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និងទាន់ពេលវេលាដល់កុមារ និង គ្រួសារនៅតាមសហគមន៍។ ការបន្តធានាឱ្យកុមារទទួលបាននូវសេវាផ្លូវច្បាប់ ​និងសមធម៌ សង្គម តាមរយៈការផ្តល់នូវកញ្ចប់អប្បរមា​នៃសេវាសង្គមកិច្ចសម្រាប់កុមារនិងគ្រួសារដែល ត្រូវការកិច្ចការពារ​។ ទន្ទឹមនេះ ការឆ្លើយតបចំពោះគ្រោះមហន្តរាយដែលបណ្តាល​ឱ្យមាន​ផលប៉ះពាល់ដល់កុមារ និងគ្រួសារកុមារ។ ការបន្តប្រមូលផ្តុំ ពង្រឹង និងពង្រីកកម្មវិធី​ដែល​មានស្រាប់សម្រាប់កិច្ចការពារកុមារ សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពឱ្យ​បាន​ទូលំទូលាយ។ ការធានានូវសង្គតិភាពនៃនីតិវិធី វិធានការ និងយន្តការដែលមាន​ស្រាប់​ក្នុងការដោះស្រាយបញ្ហារបស់កុមារ ដើម្បីបំពេញនូវតម្រូវការ​និងធានាការពារកុមារ ប្រកប​ដោយបរិយាកាសគ្រួសារ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់មានល​ក្ខណៈកុមារមេត្រី និងធានាឧត្តមប្រយោជន៍របស់កុមារ។ ជាមួយគ្នានេះដែរ ប្រព័ន្ធកិច្ចការពារកុមារ គឺជា បណ្តុំនៃវិធានបង្កើតឡើងក្នុងគោល​បំណងជំរុញនិងលើកកម្ពស់ការការពារកុមារពីការ រំលោភបំពាន និង​ការកេងប្រវ័ញ្ចគ្រប់រូបភាព​។

លោកជំទាវ ញ៉េប ​សុភាព បានបញ្ជាក់បន្ថែមថា វិធានទាំងនេះរួមមាន ក្របខ័ណ្ឌ ច្បាប់និងគោលនយោបាយ ការផ្តល់ជំនួយ​និងសេវា ធនធានមនុស្សនិងហិរញ្ញវត្ថុ និងការ ផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តទៅលើកុមារ ដែលវិធានទាំងនេះត្រូវឱ្យមានការ​ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យសុខុមាលភាពសង្គម អប់រំសុខភាព សន្តិសុខ និងយុត្តិធម៌ ក្នុងការគាំទ្រដល់ការបង្ការទប់ស្កាត់និងឆ្លើយតប ដើម្បីការពារ​កុមារ​ពីហានិភ័យផ្សេងៗ។ ចំពោះក្របខ័ណ្ឌគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ផ្អែកលើសសរស្តម្ភ៣ គឺ ទី១ ការបង្ការទប់ស្កាត់ ទី២ ការអន្តរាគមន៍ និងទី៣ ការផ្តល់សេវា និងការឆ្លើយតប ដែលយើងត្រូវបំពេញជាលក្ខណៈប្រព័ន្ធមួយ។

លោកស្រី គ្វីន​នេត វ៉ង នាយិកាប្រចាំ​ប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានឱ្យ​ដឹងថា ដើម្បី​ឈានមក​ដល់​ថ្ងៃ​នេះ​​ ដំណើរ​ការ​នៃ​ការ​ផ្តួចផ្តើ​មគំនិត និង​ចង​ក្រង គោល​នយោ​បាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារនេះ​​បាន​ចាប់​ផ្តើម​កាល​ពី​៣ឆ្នាំ​មុន ពោលគឺក្នុង​ឆ្នាំ២០១៧។ លោកស្រីបានគូសបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ​ឆាលហ្វាន់ និង​ដៃ​គូរ​ទាំង​អស់​ពិត​ជា​មានសេចក្តីសោមនស្សរីករាយដែល​បាន​ចូល​រួម​គាំទ្រ​ក្នុង​ដំណើរ ការ​នៃ​ការចង​ក្រងគោលនយោបាយ​ជាតិដ៏​មាន​សារសំខាន់​​នេះ ក៏ដូចជា​​បាន​ចូលរួមផ្សព្វ ផ្សាយ ​និង​ដាក់​ឱ្យប្រើ​ប្រាស់ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបាននូវសិទ្ធិស្មើៗគ្នាដើម្បី​សមធម៌​ និង​យុត្តិធម៌សង្គម​។ លោកស្រីបានបន្ថែមថា  អង្គការភ្លែនអន្តរជាតិកម្ពុជា មាន​សេចក្តីរីករាយដែល​បានចូលរួមការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាការពារ កុមារជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងដើម្បីសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការតស៊ូមតិដើម្បីកុមារ ទទួលបានសិទ្ធិការពារ ​ជួយកសាងសមត្ថភាពបុគ្គ លិកសង្គមនៅគ្រប់កម្រិត និងផ្តល់សេវាដោយផ្ទាល់ដល់កុមារ គ្រួសារ និងសហគមន៍ងាយ រងគ្រោះ ជាពិសេស​ក្មេង​ស្រី និង​ស្ត្រី៕

ដោយ ឡុង ស៊ីវ៉ាន់