លោកស្រី ខាំ សុភាព អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី វិធានសុវត្ថិភាពទេសចរណ៍នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៩  ខែកក្កដា ឆ្នាំ២០២០

លោកស្រី ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន កាលពីព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយវិធានសុវត្ថិភាពទេសរណ៍ដល់ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ម្ចាស់អាជីវកម្ម សេវា កម្មទេសចរណ៍ក្នុងខេត្តក្រចេះ ឱ្យចូលរួមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវវិធានការការពារតាមសេចក្តីណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាល ក៏ដូចជាវិធានអនាម័យរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា ខេត្តក្រចេះស្ថិតនៅ ក្នុងភូមិភាគឦសាននៃប្រទេស ដែលសម្បូរដោយរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ដូចជា ព្រះវិហារវត្តសសរ១០០ រមណីយដ្ឋានទឹកជួរកាំពី អន្លង់ផ្សោតកាំពី  វត្តភ្នំសំបុក សំណង់ អាគារសម័យបារាំងនៅក្នុងក្រុងក្រចេះ វិហារបុរាណ ផ្ទះសសរ១០០ តំបន់អេកូទេសចរណ៍ជាច្រើនកន្លែងនិងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតផងដែរ ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានបញ្ជាក់ថា ក្នុងនាមជាអ្នកផ្តល់សេវា ទេសចរណ៍យើងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួល ភ្ញៀវទេសចរដោយអនុវត្តន៍ យ៉ាងខ្ជាប់ខ្ជួនតាមការ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាវិធានអនាម័យរបស់ក្រសួង សុខាភិបាល ក្នុងការចូល រួមទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

លោកស្រី ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះបានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំនោះថា យើងត្រូវបន្តចូលរួមសហការ និងអនុវត្តន៍នូវវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានម៉ឺងមាត់ តាមសារាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ ចូលទៅក្នុងសហគមន៍របស់យើង។ លោកស្រីអភិបាលរងខេត្តក៏បានកោតសរសើរដល់មន្ទីរទេសចរណ៍ខេត្តក្រចេះ  ដែលតែង តែយកចិត្តទុកដាក់ពង្រីកវិស័យទេសចរណ៍ឱ្យមានការរីកចម្រើន និងកិច្ចសហការបានល្អ ជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះផ្សព្វផ្សាយច្បាប់និង លិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជូនដល់ប្រជាសហគមន៍ ក៏ដូចជាវិធាន ការនានាក្នុងការត្រៀមបង្ការការពារប្រយុទ្ធប្រឆាំងនិងជំងឺ កូវីដ១៩៕ ដោយ    ជួន សុជាតិ