សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

១.វៀតណាម៖ ប្រទេសវៀតណាមនៅថ្ងៃអង្គារទី ២៨ ខែ កក្កដានេះ បានបញ្ជាឲ្យផ្អាកការ ហោះហើរនិងការ ដឹកជញ្ជូនសាធារណៈទំាងអស់ចេញ និងចូលទីក្រុងដាណាងដែលជាទីក្រុង ទេសចរណ៍ក្បែរមាត់ សមុទ្រ មានប្រជាជនរស់នៅជាងមួយលាននាក់ ។តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃទី២៨ ខែ កក្កដានេះ បានឲ្យដឹងថាការដាក់ចេញវិធានការផ្អាកការធ្វើដំណើរនេះ ធ្វើឡើងបន្ទាប់ពីបានរកឃើញករណីកូវីដ ១៩ ជាថ្មីទៀតក្នុងរយៈពេល ១០០ ថ្ងៃ នេះ ។

២.អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារទី ២៨ ខែ កក្កដានេះ ថា វិបត្តិផ្នែកសេដ្ឋកិច្ច សង្គមដែលបង្កឡើងដោយកូវីដ ១៩ នឹងធ្វើឲ្យកុមារជាង ៧លាននាក់ កើតជំងឺក្រិនដោយសារខ្វះជីវជាតិ ។ មន្រ្តីអង្គការសហប្រជាជាតិ បានបញ្ជាក់ថាសូម្បីតែមុនមានការរាតត្បាតរបស់កូវីដ ១៩ ក៏មានកុមារក្រោមអាយុ ៥ ឆ្នំា ជាង ៤៧ លាននាក់រស់នៅ ដោយកើតជំងឺក្រិន ហើយភាគច្រើនកុមាររស់ នៅអាហ្រ្វិកនៅអនុតំបន់ សាហារ៉ានិងអាស៊ីអគ្នេយ៍ ។

៣.ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា ការដាក់បំរាមមិនឲ្យមានការធ្វើដំណើរជាអន្តរជាតិមិនអាច នឹងអនុវត្តដោយគ្មានកាលកំណត់ទេអ្វីដែលសំខាន់នោះគឺប្រទេសទំាងអស់ត្រូវតែប្រឹងប្រែងទប់ទល់នឹងការឆ្លងកូវីដ ១៩ក្នុងរង្វង់ព្រំដែនរបស់ខ្លួន នេះ បើតាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅពីថ្ងៃទី ២៨ ខែ កក្កដានេះ ។

៤.កូរ៉េខាងជើង៖ តាមការផ្សាយអនឡាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃអង្គារទី ២៨ ខែ កក្កដានេះ បានឲ្យដឹងថាមេដឹកនំារបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអុន បានថ្លែងថា សង្គ្រាម នឹងលែងមានហើយដោយសារប្រទេសរបស់លោកមានអាវុធនុយក្លេអ៊ែរ ដើម្បីធានាសុវត្ថភាព ។ទូរទស្សន៍បរទេសបានស្រង់ព័ត៌មានដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងដែលបាននិយាយថា មេដឹកនំាកូរ៉េខាងជើង បានថ្លែងបែបនេះ ក្នុងពេលលោកចូលរួមប្រារព្ធខួបលើកទី៦៧ នៃការបញ្ចប់សង្គ្រាមកូរ៉េ នាឆ្នំា ១៩៥០ ដល់ ១៩៥៣ នៅថ្ងៃទី ២៧ ខែ កក្កដា នេះ ។

អត្ថបទ ឆាយ វីកាល