ឯកឧត្តម ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម ជួប​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ចុះ​បំពេញបេសកកម្ម​ក្នុង​ខេត្តកំពត​

AKP កំពត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០
​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ អភិបាល​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម ជួប​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ចុះ​បំពេញបេសកកម្ម​ក្នុង​ខេត្តកំពត ដើម្បី​ឈ្វេងយល់​ពី​ការរីកចម្រើន​របស់​ខេត្ត និង​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​។​
​ក្នុង​កិច្ចប្រជុំ​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី អភិបាលរង ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំងបី​ប្រភេទ ប្រធាន​មន្ទីរជំនាញ ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលា ខេត្ត​ផងដែរ​។​

​ឯកឧត្តម ជាវ តា​យ បានឱ្យដឹងថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត បាន​ខិតខំ​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ធានាបាន​ភាពរឹងមាំ​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការសម្របសម្រួល​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ រដ្ឋបាលខេត្ត​បាន​ប្រើប្រាស់ យន្តការ​៤ គឺ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ ខេត្ត គណៈកម្មការ​សុរិយោដី​ខេត្ត និង​អាជ្ញាធរ ឃុំ សង្កាត់ ស្រុក ក្រុង និង​ខេត្ត​។ អង្គប្រជុំ​ក៏បាន​ប្រមូល​ធាតុ​ចូល​ពី​មន្ទីរជំនាញ ក្រុង ស្រុក ដើម្បី​ចងក្រង​ជា​របាយការណ៍ លទ្ធផល សម្រាប់​ត្រៀម​រាយការណ៍ ជូន​គណៈប្រតិភូ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ខាងមុខនេះ គណៈប្រតិភូ គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​នឹង​ចុះ​បំពេញបេសកកម្ម​ក្នុង​ខេត្តកំពត ដើម្បី​ឈ្វេងយល់​ពី​ការរីក ចម្រើន​របស់​ខេត្តកំពត​ដូចជា​៖ ១.​អំពី​សមិទ្ធផល​សំខាន់ៗ​របស់​ខេត្ត សម្រេចបាន​ក្នុង អាណត្តិ​ទី​៦​នៃ​រាជរដ្ឋាភិបាល​, ២.​ការងារ​ចូលរួម​ការពារ និង​ការអភិវឌ្ឍ​របស់​ខេត្ត ដើម្បី​លើកស្ទួយ​សិទ្ធិ និង​ជីវភាព​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​, ៣.​បណ្តឹង​ទំនាស់​ដីធ្លី ដែល​ធ្វើឱ្យ​អាជ្ញាធរខេត្ត​មានការ​លំបាក​ក្នុងការ​ដោះស្រាយ​, ៤.​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី ក្នុងការ​សម្របសម្រួល និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង ៥.​តួនាទី ភារកិច្ច របស់​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​ទើប​បង្កើត​ថ្មី​៕ ដោយ ប្រាក់ លាង​