ការនាំទំនិញរបស់កម្ពុជា ទៅប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាននោះ ការនាំទំនិញចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយបន្ថែមទៀត​ ខណៈឆ្នាំ២០១៩​កន្លងទៅ កម្ពុជានាំទំនិញទៅប្រទេសចិន បានឡើងរហូតដល់១ពាន់លានដុល្លារ ហើយ​ទំនិញនាំចូលពីប្រទេសចិនមកវិញ ប្រមាណជិត៧ពាន់លានដុល្លារ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សុខ សុភ័ក្ដ្រ​ បានលើកឡើងថា​ កិច្ចព្រមព្រៀងនេះមិនមែនទើបសិក្សា និងរៀបចំក្រោយមានការ​ប្រកាស​ដក EBA របស់សហគមន៍អឺរ៉ុបនោះទេ គឺកម្ពុជាបានសិក្សារាប់សិបឆ្នាំមកហើយ ជាមួយភាគីចិន ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ​ បន្តថា​ ទំនិញដែលកម្ពុជានាំចូលពីប្រទេសចិន ភាគច្រើនសុទ្ធតែជាប្រភេទគ្រឿងចក្រ និង​ទំនិញផ្សេងទៀត ដែលបម្រើឱ្យវិស័យសំណង់ជាដើម។

សូមជម្រាបជូនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបញ្ចប់ការសិក្សា រួចរាល់ហើយ ដែលត្រៀមនឹងចុះហត្ថលេខាជាផ្លូវការនៅអំឡុងខែសីហា ឆ្នាំ២០២០នេះ។ ទន្ទឹមនេះ បន្ទាប់ពីចុះហត្ថលេខារួច ភាគីទាំងពីរមានគម្រោងដាក់ឱ្យអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០២១តទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា(FTA) គឺជាការកិច្ចព្រមព្រៀង​លើក​លែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់​ចំនួន​ទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬក្នុងអត្ថន័យ​រួម បញ្ចូលសេដ្ឋកិច្ចតែមួយ៕

ដោយ ចាន់ សុធីវង្ស