មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា កម្ពុជានឹងទទួលបានប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជា នឹងទទួលបានផលប្រយោជន៍ ជាច្រើន​ពីប្រទេសចិន ទាក់ទងនឹងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាង​កម្ពុជា-ចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបញ្ចប់នៃ កិច្ចចរចាបង្កើតកិច្ចព្រម​ព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា ចិន(FTA) នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កម្ពុជាបានបើកផ្សារ ដែលអាចនាំចូលទំនិញ៣៤០មុខ ទៅប្រទេសចិន ដែលមុខទំនិញទាំងអស់នោះ ត្រូវបាន​ចុះពន្ធ​ទៅ ០ភាគរយ ភ្លាមៗប្រហែលជា ៩៥ភាគរយ មានដូចជា ផលិតផលកសិកម្ម និង​ផលិតផលសម្រេចនៅសល់ ៥ភាគរយ ទៀត នឹងចុះពន្ធជាបន្តបន្ទាប់​ក្នុងរយៈពេលពី ១០-២០ឆ្នាំ ទើបដល់ ០ភាគរយ ។ ឯកឧត្ដមបញ្ជាក់ថា “យើងនាំចូលទៅចិន មានល្បឿន​ប្រហែលជា ២០-២៥ភាគរយ ហើយក្នុងឆ្នាំ២០១៩កន្លងទៅនេះ យើងនាំចេញទៅចិន​កើន​ឡើងដល់ ១ពាន់លានដុល្លារ និងនាំចូលពីចិនជិត ៧ពាន់លានដុល្លារ។ ចំពោះល្បឿន​នៃការនាំចេញ-នាំចូល គឺកម្ពុជាលឿនជាងចិន”។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី កម្ពុជា-ចិន គឺសម្ដេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពឱ្យឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយពេលវេលានៃការចុះហត្ថលេខា នៅពេល​ណានោះ នឹងជម្រាបជូននាពេលក្រោយ ។

លោក ចាន់ សុភាព អគ្គនាយករងនៃ អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចាផ្នែកទំនិញបានគូសបញ្ជាក់ផងដែរថា អ្វីដែល​មានសំណួរលើកឡើងថា ចិននឹងអាចមានផលប្រយោជន៍ពីកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរីទ្វេភាគីកម្ពុជា-ចិន(FTA)នេះច្រើនជាងកម្ពុជា គឺលោកសុំឱ្យលុបបំបាត់នូវ ការគិតអវិជ្ជមាននេះចេញ។ លោកបានលើកឡើងថា បើទោះជាអត់មាន FTA នេះ ក៏កម្ពុជា នៅតែត្រូវការនាំទំនិញមកពីចិនដដែល ហើយកម្ពុជាសម្រុតពន្ធនាំចូលទំនិញទៅចិន បាន​ច្រើនភាគរយជាងចិន។ លោកបានបញ្ជាក់បន្ថែមថា “អីចឹងបានថា កុំឱ្យមានទុទិដ្ឋិនិយម និងមានគំនិតថា ចិនអាចចំណេញពី FTA នេះ ច្រើនជាងកម្ពុជា មិនមែនទេ”។

សូមរម្លឹកផងដែរថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន គឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រកម្ពុជា និងឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគី​កាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជន​របស់ប្រទេសទាំងពីរកម្ពុជា-ចិន។ ចំពោះកិច្ចព្រមព្រៀងនេះ វានឹងក្លាយជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី លើកដំបូងសម្រាប់កម្ពុជា៕

ដោយ ប៊ុន រិទ្ធ