អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ មន្ត្រីជំនាញរបស់យើង បាននិងកំពុងអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ឆ្លងចូលទៅក្នុងសហគមន៍

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញតេឡេក្រាមថា ឱកាសនៃការនាំចូលវីរុសកូវីដ១៩នេះ ពិតជាមានដោយមិនអាចចៀសផុតនោះទេ ប៉ុន្តែមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ទៅក្នុងសហគមន៍។ 

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “ដោយមានការចង្អុលបង្ហាញយ៉ាងច្បាស់លាស់ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺយើងបានទប់ស្កាត់យ៉ាងជោគជ័យនូវហានិភ័យ នៃការឆ្លងវីរុសកូវីដ១៩ចូលទៅក្នុងសហគមន៍ ប៉ុន្តែក៏យើងមិនអាចធ្វេសប្រហែសបានឡើយ ព្រោះថារលកទី២នេះ គឺអាចកើតឡើងគ្រប់ពេល គ្រប់ឱកាស ។ល។ ហើយក្រោមកិច្ចសហការគ្នារវាងក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីទូទាំងរាជធានី-ខេត្ត យើងបានទប់ស្កាត់ជំងឺកូវីដ១៩នេះមិនឱ្យឆ្លងចូលក្នុងសហគមន៍យើងបានដោយជោគជ័យ ប៉ុន្តែការទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ គឺមិនអាចខ្វះបាននោះទេពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាដែរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ បើទោះបីជាឱកាសនៃការរកឃើញវិជ្ជមានវីរុសកូវីដ១៩នេះគឺប្រាកដជាមានដោយមិនអាចជៀសរួច ព្រោះថាប្រទេសជិតខាងយើង និងពិភពលោកទាំងមូល ពុំទាន់មានសញ្ញាថមថយនៅឡើយទេ ប៉ុន្តែក្នុងករណីខ្លះដែលប្រឈមខ្លាំង គឺយើងនឹងអនុវត្តភ្លាម ដូចជាកាលពីពេលថ្មីៗនេះ ដែលក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយដែលហាមមិនឱ្យមានការចូលក្នុងប្រទេសកម្ពុជាតាមរយៈជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម” ។

ឯកឧត្តមបានបន្ថែមថា ក្រសួងសុខាភិបាល នៅតែបន្តតាមដានសុខភាពរាល់អ្នកដំណើរទាំងអស់ ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ហើយដែលតម្រូវឱ្យធ្វើចត្តាឡីស័កគ្រប់គ្នា នៅមជ្ឈមណ្ឌលចត្តាឡីស័កដែលត្រូវបានរៀបចំឡើង។ ម៉្យាងវិញទៀត ក្រសួងសុខាភិបាល ក៏មានប្រព័ន្ធតាមដានច្រើន ដែលអាចតាមដាននូវស្ថានភាពជំងឺកូវីដ១៩ ដើម្បីការពារការរាលដាលចូលទៅក្នុងសហគមន៍ ដូចជាប្រព័ន្ធតាមដានអ្នកដំណើរក្នុងស្រុក ប្រព័ន្ធតាមដានជំងឺរលាកសួត និងជំងឺផ្តាសាយជាដើម ដោយប្រព័ន្ធការងារនេះត្រូវបានអនុវត្តរាយប៉ាយពេញទូទាំងប្រទេស។ ឯកឧត្តមវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា៖ “ប្រព័ន្ធតាមដានទាំងនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះក្នុងករណីសង្ស័យ ឬមានការឆ្លងណាមួយ គឺយើងបានដឹង ហើយអាចទប់ស្កាត់បានទាន់ពេលវេលា” ។

ដោយឡែក ទាក់ទិនទៅនឹងស្ថានភាពសុខភាពរបស់អ្នកជំងឺកូវីដ១៩ ទាំង៧៩នាក់ ដែលកំពុងសម្រាកព្យាបាលវិញ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានឱ្យដឹងផងដែរថា៖ “ស្ថានភាពសុខភាពរបស់ពួកគាត់គឺល្អជាធម្មតា ដោយពុំមានសញ្ញាណាមួយគួរឱ្យព្រួយបារម្ភនោះទេ ហើយក្រោមការយកចិត្តទុកដាក់ព្យាបាលរបស់ក្រុមគ្រូពេទ្យយើង ខ្ញុំសង្ឃឹមថាពួកគាត់នឹងអាចជាសះស្បើយជាបន្តបន្ទាប់នៅពេលឆាប់ៗខាងមុខនេះ ឱ្យតែពួកគាត់គោរពតាមការណែនាំរបស់គ្រូពេទ្យរបស់យើង។” 

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ក៏បានឱ្យដឹងផងដែរថា៖ “ករណីជំងឺឆ្លងកូវីដ១៩នេះ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្តី ទាំងក្នុងពិភពលោកក្តី គឺស្ថានភាពជំងឺនេះនៅមានពេលវេលាវែងឆ្ងាយណាស់ ដោយតម្រូវឱ្យមានការរងចាំឱ្យមានវ៉ាក់សាំងការពារ ឬក៏ថ្នាំព្យាបាលសិន ទើបអាចសន្មត់ថា ជំងឺកូវីដ១៩នេះ អស់ឥទ្ធិពលនៅពេលណា? ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់មានការប្រកាសទទួលស្គាល់ជាផ្លូវការណាមួយ ពីអង្គការសុខភាពពិភពលោកនោះទេ ទាក់ទិនទៅនឹងវ៉ាក់សាំង ក៏ដូចជាថ្នាំព្យាបាលជំងឺកូវីដ១៩នេះ។ ម្យ៉ាងវិញទៀត អង្គការសុខភាពពិភពលោក ក៏បានឱ្យនិយមន័យរួចហើយដែរថា ជំងឺកូវីដ១៩ ជាជំងឺដែលរាតត្បាតជាសកល មិនថានៅប្រទេសណា តំបន់ណានោះទេ គឺជំងឺនេះបានវាយលុកទៅដល់រួចទៅហើយ ខណៈអ្វីដែលគ្រប់គ្នាត្រូវធ្វើនៅពេលនេះ គឺការទប់ស្កាត់ការរីករាលដាលទៅក្នុងសហគមន៍” ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុប ២២៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១៤៧នាក់ និងពុំមានករណីរងគ្រោះដល់ជីវិតនោះទេ។ សេចក្តីប្រកាសព័ត៌មានក៏បានអំពាវនាវដ៏ទទូច សុំឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តអនុវត្តវិធានអនាម័យឱ្យបានខ្ជាប់ខ្ជួន ដូចជា អនាម័យដៃស្អាត ពាក់ម៉ាសគ្រប់ពេលក្នុងករណីចាំបាច់ រក្សាគម្លាតបុគ្គល និងគម្លាតសង្គមជាដើម ៕

ដោយ ផែន រតនៈ