រដ្ឋបាលខេត្តកែប នឹងធានាមិនមានផ្សែងបារីបំពុលបរិស្ថានដល់ភ្ញៀវទេសចរទៀតឡើយ

AKP កែប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

​ក្នុងពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកែប នឹងធានាមិនមានផ្សែងបារីបំពុលបរិស្ថាន ដល់ភ្ញៀវទេសចរទៀតឡើយ។ នេះជាការលើកឡើងរបស់ លោកស្រី អ៊ុល ភីរុណ អភិបាល រងខេត្តកែប នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និង ចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍” មួយចំនួនក្នុងក្រុងកែប កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ហើយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ហោ សារុន អនុរដ្ឋលេធិការក្រសួងទេសចរណ៍។

លោកស្រី អ៊ុល ភីរុណ បានសង្កត់ធ្ងន់ទៀតថា ខេត្តកែប បានក្លាយជាគោលដៅ ទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក ហើយរដ្ឋបាលខេត្ត ដោយមានមន្ទីរទេសចរណ៍ជាសេនាធិការ បានរៀបចំ ផែនការមេនេះ សម្រាប់ជួយខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិស្ងប់ស្ងាត់ ប្រណិតកម្រិតខ្ពស់ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកស្រីបានបន្ថែមទៀតថា ដោយសារវិស័យទេសចរណ៍ ពាក់ព័ន្ធនឹងអន្តរវិស័យ ដូច្នេះរដ្ឋបាលខេត្តបានគិតគូរ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ ការបង្កើតផលិត ផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្តានុពល និងធនធានដែលមាន ជាក់ស្តែង ដូចជា ធនធានធម្មជាតិ ផ្នែកសាសនា វប្បធម៌ កសិកម្ម និងវិស័យជាច្រើនទៀត ដែលមិនទាន់បានកែច្នៃ ធ្វើយ៉ាងណាឱ្យស្រប តាមឯកសារបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រ ដទៃទៀត សម្រាប់កំណើនវិស័យទេសចរណ៍។

​ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីជំរុញ ផ្សព្វផ្សាយ ការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋាន គតិយុត្តនានា ពិសេសសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងខេត្តកែប ក្នុងគោលបំណងការពារសុខុមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរងនឹងផ្សែងផលិតផលថ្នាំជក់ដែលបង្កឱ្យមានហានិភ័យសុខភាព ដល់អ្នកនៅជុំវិញខ្លួន និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលបណ្តាលមកពីផលិតផលថ្នាំជក់។

​ឯកឧត្តមបានបញ្ជាក់ទៀតថា កម្មវិធីបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេចរណ៍នេះ ក៏មានការលើកទឹកចិត្ត និងបញ្ជាក់ពីសក្ខីភាពជាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងខេត្ត អនុវត្តន៍តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការត្រួត ពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរ និងទទួល ស្គាល់ពីគ្រប់មជ្ឈដ្ឋានទៀតផង៕

ដោយ ប្រាក់ លាង