ក្រុមហ៊ុនផលិតឧបករណ៍សម្ភារទឹកស្អាតមកពីប្រទេសចិនប្រកាសថា នឹងពិនិត្យលទ្ធ​ភាពបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

លោកបណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd និងលោក Peng Ting Gang នាយកក្រុមហ៊ុនT.C.U Polys Enterprise Co.,Ltd ដែលជាក្រុមហ៊ុនផលិតឧបករណ៍សម្ភារទឹកស្អាត ការដំឡើងនូវប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាតតាមបច្ចេកវិទ្យាថ្មី និងដំឡើងឧបករណ៍ផលិតទឹកស្អាតមកពីប្រទេសចិន បាន ប្រកាសថា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា តែ ម្ដង។ ការលើកឡើងនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ២៧ ខែ កក្កដា​ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឧស្សាហកម្ម។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

​លោក Peng Ting Gang ប្រធានក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd បានលើក​ឡើងពីភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ មក ហើយ​រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតនូវឧបករណ៍បម្រើឱ្យវិស័យទឹកស្អាតជាច្រើន ប្រភេទប្រកបដោយគុណភាព ដូចជា ទុយោទឹកអាចផលិតរហូតដល់មុខកាត់២ម៉ែត្រ និងមានប្រវែង ១២ ម៉ែត្រ ជាដើម។ លោកបានអះអាងថា សម្រាប់ថ្ងៃខាងមុខ ក្រុមហ៊ុនក៏​មានបំណងបង្កើតមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧបករណ៍ផលិតទឹកស្អាតនៅកម្ពុជា និង ពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាតែម្តង។

ចំណែកលោកបណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដែលទទួលបាន​ជោគជ័យ​នៃអាជីវកម្មរបស់ខ្លួនលើវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសការគាំទ្រពី​ឯកឧត្តមកិត្តិសេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទ ដែលតែង តែគាំទ្រនូវ​គម្រោងអាជីវកម្មរបស់លោក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធ​​ផលផ្លែផ្កាកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរខាងលើ ក្នុងប្រតិបត្តិការ​អាជីវ​កម្មរបស់ខ្លួននៅកម្ពុជា ដែលបានចូលរួមវិនិយោគការអភិវឌ្ឍវិស័យទឹកស្អាតនៅ​កម្ពុជា ដោយក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd គឺជាអ្នកនាំចូលមកដំឡើងនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតតាមបច្ចេកវិទ្យាថ្មី UF Membrane ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការ ងារដំឡើងឧបករណ៍ផលិតទឹកស្អាតសម្រាប់លក់ដុំបន្ត។ ចំណែកក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd គឺជាក្រុមហ៊ុនដ៏ជំនាញមួយរបស់ចិន ដែលនាំចូលនូវឧបករណ៍​បម្រើ ឱ្យ​វិស័យទឹកស្អាតមកដំឡើងចែកចាយ នៅទីផ្សារកម្ពុជា ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីគោល​នយោ​បាយទឹកស្អាតរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ហើយលើកទឹកចិត្តជានិច្ចរាល់​គម្រោង​វិនិយោគលើវិស័យទឹកស្អាតសម្រាប់ជាផលប្រយោជន៍ដល់ការបម្រើជីវភាពប្រជាពលរដ្ឋទូទៅ។ ឯកឧត្ដមសង្ឃឹមថា ក្រោមគម្រោងនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន កម្ពុជានឹងទទួលបានបន្ថែមទៀត ទាំងការវិនិយោគ និងឥណទានសម្រាប់ការអភិវឌ្ឍ​លើវិស័យ​ទឹកស្អាតនៅកម្ពុជា។ ដោយឡែកទាក់ទងនិងគំនិតផ្តួចផ្តើមបង្កើតឱ្យមាន​មជ្ឈ​មណ្ឌលពិសោធន៍ឧបករណ៍ផលិតទឹកស្អាតគឺជាគំនិតស្របគ្នាជាមួយនឹងឯកឧត្តមដែរ ដែលបាន​គិតគូរមិនត្រឹមតែមន្ទីរពិសោធន៍ធ្វើតេស្តទេ តែត្រូវមានមជ្ឈមណ្ឌលបណ្តុះ​បណ្តាល​ជំនាញ​ទឹកស្អាតថែមទៀត ដែលយើងត្រូវរួមសហការគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានឯក​ភាពតាមការស្នើសុំ ដោយនឹងដឹកនាំប្រតិភូក្រសួងអញ្ជើញចុះពិនិត្យដល់ទីតាំងក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd ដែលមានជំនាញដំឡើងឧបករណ៍ផលិតទឹកស្អាត មាន​ទីតាំង​​នៅក្នុងខេត្តកំពង់ស្ពឺ ៕

ដោយ រិទ្ធី