សហគមន៍ផ្តល់ជំនួយ បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យសកម្មភាពមីនតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

​នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់ កាលទី៤ ក្រោមការដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន
និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រទេសផ្តល់ជំនួយ រួមមាន៖ អូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ សាធារណរដ្ឋកូរ៉េ(KOICA) នូវែលសេឡង់ និងUNDP បានបង្ហាញថា «សហគមន៍ផ្តល់ជំនួយបន្តគាំទ្ររាជរដ្ឋាភិបាល កម្ពុជានៅក្នុងវិស័យ សកម្មភាពមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោង បោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញថា គម្រោងបោសសម្អាត មីនដើម្បីលទ្ធផលដំណាក់កាលទី៤ មាន រយៈពេល៦ឆ្នាំ ពីឆ្នាំ២០២០-២០២៥ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះ ផ្តោតជាសំខាន់ទៅលើលទ្ធផលធំៗចំនួនបីគឺ៖ ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ, ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ។ ចំពោះគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល អាជ្ញាធរមីន បានចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ២០០៦ ហើយបានរួមចំណែកបោស សម្អាតផ្ទៃដីបាន ២៤៤គីឡូម៉ែតក្រឡា គិតចាប់ពីឆ្នាំ២០០៦ មកត្រឹមខែមីនា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តគម្រោង បោសសម្អាតមីនដើម្បីលទ្ធផល និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍រួមមាន៖ UNDP ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងប្រទេសនូវែលសេឡង់ ដែលបានចូលរួមចំណែកផ្តល់ថវិកាជំនួយ និងបច្ចេកទេសនៅក្នុងគម្រោងនេះ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅជូន ចំពោះប្រទេសម្ចាស់ជំនួយដទៃទៀតរួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កាណាដា អាល្លឺម៉ង់ និងប្រទេសស្វីស ដែលផ្តល់ការ ទុកចិត្តលើរាជរដ្ឋាភិបាលបន្តគាំទ្រយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ តាមរយៈ ចូលរួមផ្តល់ថវិកាជំនួយ និងបច្ចេកទេស សម្រាប់ជួយកម្ពុជាអស់ការគំរាម ដោយសារមីនត្រឹម ឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសន្យាថា នឹងប្រើប្រាស់ជំនួយនេះប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមនីតិវិធី និងផែនការសកម្មភាពដែលបានឯកភាពគ្នា។ ដូច្នេះកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ នាពេលនេះក្នុង គោលបំណង ពិនិត្យ លើវឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រឹង ប្រសិទ្ធភាពប្រកបដោយ តម្លាភាព គណនេយ្យភាព និងរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២១។ តំណាង ដៃគូអភិវឌ្ឍន៍ លោក Nick Beresford, Resident Representative UNDP ប្រចាំប្រទេសកម្ពុជា បានអបអរសាទរចំពោះអាជ្ញាធរមីន ដែលបានអនុវត្តន៍ដោយជោគជ័យនូវគម្រោង បោស សម្អាតមីនដើម្បីលទ្ធផលទាំងបីដំណាក់កាលកន្លងមក ហើយក៏បានបង្ហាញពីការគាំទ្រ យ៉ាងមុតមាំបន្តរួមគ្នា អនុវត្តន៍គម្រោងសម្រាប់ដំណាក់កាលទី៤។

លោក Nick បានសម្តែងនូវការស្វាគមន៍ ប្រទេសនូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េ ដែលបាន ចូលរួមចំណែកគាំទ្រគម្រោងដំណាក់កាលទី៤ ។ តំណាងប្រទេស អូស្ត្រាលី លោក Ryan Tierney លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានសម្តែងនូវការ ពេញចិត្តក្នុងដំណើរការនៃការអនុវត្តគម្រោង តាមនីតិវិធីប្រកបទៅដោយតម្លាភាព និងទទួល លទ្ធផល ជាច្រើនគួរឱ្យកត់សម្គាល់ ហើយអូស្ត្រាលីនឹងជួយគម្រោងសម្រាប់ ដំណាក់កាល ទី៤បន្តទៀត ទោះបី ជាពិភពលោកកំពុងបង្វែរថវិកាមួយចំនួន ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ Covid-19 ក៏ដោយ។

តំណាង KOICA លោក Rho Hyunjun នាយកប្រចាំប្រទេសនៃភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ KOICA នៅកម្ពុជា បានបញ្ជាក់បន្ថែមទៀតអំពីការចូលរួមជាមួយ គម្រោងបោសសម្អាតមីនដំណាក់កាលទី៤ ជាថវិកា ប្រមាណ១០លានដុល្លារ។ តំណាងភ្នាក់ងារ KOICA នៃសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរមីន ដែលបានបញ្ជូនមន្រ្តីជំនាញចូលរួមវគ្គបណ្តុះបណ្តាលរៀបចំដោយ KOICA ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសរងផលប៉ះពាល់ដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។

លោក Elliott Kirton លេខាទី១ ស្ថានទូតប្រទេសនូវែលសេឡង់ ប្រចាំនៅប្រទេសថៃដែ លបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Online បានសម្តែងនូវការពេញចិត្តចំពោះការចូលរួមថវិកា សម្រាប់បោសសម្អាតមីន មនុស្សធម៌នៅកម្ពុជាតាមរយៈគម្រោង បោសសម្អាតមីនដើម្បី លទ្ធផលដំណាក់កាលទី៤។ តំណាងស្ថានទូត សង្ឃឹមនឹងមានឱកាសចុះពិនិត្យ និងសិក្សាឈ្វេង យល់អំពីតម្រូវការចាំបាច់ក្នុងប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា នាថ្ងៃណាមួយបន្ទាប់ពីការរាតត្បាតជំងឺ Covid-19 ត្រូវបានបញ្ចប់។ អង្គប្រជុំបាន ឯកភាពគ្នាលើចំណុចធំៗមួយចំនួនរួមមាន៖ ឯកភាពលើចំណុចទាំង៥ដែល អាជ្ញាធរមីន និងUNDP រៀបចំសកម្មភាពឆ្លើយតប នឹងការពង្រឹង សមត្ថភាពជាតិដើម្បីបន្តគ្រប់ គ្រងការ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបន្ទាប់ពី ឆ្នាំ២០២៥។ ប្រទេសម្ចាស់ជំនួយ គាំទ្រលើ០៧ចំណុចអនុញ្ញាតឱ្យអាជ្ញាធរមីន បន្តសកម្មភាព ដើម្បីពង្រឹង ប្រសិទ្ធភាព ក្នុងការអនុវត្តគម្រោងចាប់ពីឆ្នាំ២០២១ នេះតទៅ។ ប្រទេសម្ចាស់ជំនួយគាំទ្រឱ្យមាន ទស្សនកិច្ចរួមគ្នា ចុះពិនិត្យ ប្រតិបត្តិការបោសសម្អាតមីន និងការចុះសម្ភាសន៍ អ្នកទទួលផល ពីដីបោសសម្អាតមីនក្នុងគម្រោង។
តាមរបាយការណ៍របស់ឯកឧត្តម លី ធុជ បានបង្ហាញថា គិតពីឆ្នាំ១៩៩២ ដល់បំណាច់ខែមិថុនា ឆ្នាំ២០២០ ផ្ទៃដីចំនួន ២០៤៣ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត ដោយប្រតិបត្តិករជាតិ-អន្តរជាតិ ដោយក្នុង នោះរកឃើញ និងកម្ទេចចោលមីន ប្រឆាំងមនុស្ស ចំនួន ១ ០៨៨ ៦៧៧គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥ ៣៦១គ្រាប់ និងសំណល់ជាតិផ្ទុះពី សង្គ្រាមចំនួន ២ ៨៥៨ ០៧១គ្រាប់។

ដោយឡែកក្នុងឆមាសទី១ឆ្នាំ២០២០នេះ ប្រតិបត្តិករចំនួន០៧ រួមមាន៖ កងយោធពល ខេមរភូមិន្ទ មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា(CMAC) អង្គការហាល់ឡូត្រាស(Halo Trust) អង្គការម៉ែក(MAG) អង្គការ អិនភីអេ(NPA) អង្គការអាប៉ូប៉ូ(APOPO) និងអង្គការដោះមីន កម្ពុជា(CSHD) បានធ្វើការបោសសម្អាតមីន សម្រេចបានផ្ទៃដី ៦៣ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្ស ៧ ៨៥៥គ្រាប់ មីនប្រឆាំងរថក្រោះ ១៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២៥ ៤៤០គ្រាប់។ ចំពោះអត្រាគ្រោះថ្នាក់ក្នុងឆមាសទី១ ឆ្នាំ២០២០នេះដែរ មានជនរងគ្រោះដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាមចំនួន ៣៨នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារ មីន ១៧នាក់ និងដោយសារសំណល់ជាតិ ផ្ទុះពីសង្គ្រាម ២១នាក់ បើប្រៀប ធៀបទៅនឹងឆ្នាំ២០១៩ មានជនរងគ្រោះ ៦២នាក់ គឺថយចុះ ៣៩ភាគរយ៕

ដោយប៉ាល់ សុង