កិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្តកំពង់ធំ ឆ្នាំ២០២១-២០២៣

AKP កំពង់0 ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០–

នារសៀលថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ ២០២១-២០២៣ នៅសាលាខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានលើកឡើងពីការរៀបចំផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ ជាឯកសារគោលដ៏សំខាន់ និងប្រើប្រាស់ជាឯកសារគោលសម្រាប់តម្រង់ទិស ក្នុងការដោះស្រាយនូវបញ្ហានិងតម្រូវការ ជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋានផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ ជាឯកសារដែលរៀបចំឡើងដោយការប្រមូលផ្ដុំធាតុចូលពីគ្រប់ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងស្វែងរកពីររួមគ្នាពីសក្តានុពល ធនធាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយនានា។ ដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍ និងក្របខ័ណ្ឌវិនិយោគសម្រាប់អាណត្តិ ៥ឆ្នាំរបស់ក្រុមប្រឹក្សា ហើយឯកសារនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់រៀបចំសកម្មភាព និងថវិកាប្រចាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា សម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២១-២០២៣ នេះប្រធានមន្ទីរ អង្គភាពទាំងអស់ បង្កើនការយកចិត្តទុកដាក់ រៀបចំចាត់ចែងឱ្យបាន មានការទទួលខុសត្រូវឱ្យបានច្បាស់លាស់ នឹងចូលរួមទទួលការណែនាំនូវគ្រប់ជំហានដែលក្រុមការងារកសាងផែនការរៀបចំ។

ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើ កិច្ចការធ្វើនៅពេលនេះ គឺការរៀបចំប្រមូលធាតុចូលដើម្បីជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២១-២០២៣ ត្រូវយកចិត្តទុកដាក់ស្ដាប់នូវការណែនាំ ដែលក្រុមការងារកសាងផែនការបានបង្ហាញ។ បន្ទាប់មកទៀតត្រូវបង្កើនការយកចិត្តទុកដាក់ ការអនុវត្តតាមការណែនាំ និងគោរពទៅតាមកាលបរិច្ឆេទដែលក្រុមការងារបានកំណត់៕

ដោយ៖ស៊ុម វណ្ណា