ប្រមុខរាជរដ្ឋាភិបាល ផ្ដល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN ចំនួន៥គ្រឿងដល់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០–

ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ០៥គ្រឿងដល់មន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោនានៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ បានសរសេរថា ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាត ដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន០៥ ដែលក្នុងនោះមាន មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និងកាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់)។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើជូនទៅតំណាងមន្ទីរពេទ្យ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង៕

ដោយ៖ជឹម ណារី