រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តន៍បន្ត

AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០–

នៅថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍បន្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាប្រធាន អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា និងប្រធានការិយាល័យនានាជុំវិញខេត្តជាច្រើនាក់ផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា គ្រប់ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួនឱ្យបានល្អ, ត្រួតពិនិត្យសកម្មភាពការងារធៀបទៅនឹងផែនការសកម្មភាព, អនុវត្តន៍ឱ្យបានតាមគោលការណ៍របស់ថ្នាក់លើបានកំណត់ និងត្រូវមានវិធានការចំពោះមន្រ្តីរាជការណាមិនគោរពតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្តថា មន្ត្រីពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរដែនដី ខិតខំថែរក្សាការពារធនធានធម្មជាតិ ទប់ស្កាត់ការរុករានទន្ទ្រានដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន និង រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ និងត្រូវផ្សព្វផ្សាយច្បាប់ផ្សេងៗ ឱ្យប្រជាពលរដ្ឋបានយល់ ជាពិសេសច្បាប់ចរាចរណ៍ ពង្រឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។

ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើឱ្យគ្រប់អង្គភាពជុំវិញខេត្ត អាជ្ញាធរ និងសមត្ថកិច្ចក្រុង ស្រុក ដើម្បីចង់សម្រេចបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួន ដោយមានផែនការ សកម្មភាពការងារច្បាស់លាស់ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ជាពិសេសគ្រប់អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺផ្សេងៗ ព្រមទាំងបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការបង្ការការពារ ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវក្តាប់ឱ្យបានស្ថិតិពលករចំណាកស្រុក រាយការណ៍មកថ្នាក់លើបានទាន់ពេលវេលា និងចូលរួមសហការជាមួយមន្ទីរផែនការខេត្ត ក្នុងការកំណត់ឱ្យបានច្បាស់លាស់ត្រឹមត្រូវ នូវអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩៕ ដោយ៖បៃ ស៊ីថុន