សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា ការជ្រើសរើសក្របខ័ណ្ឌនគរបាលប៉ុសិ៍រដ្ឋបាល គឺត្រូវជ្រើសរើសមនុស្សនៅក្នុងមូលដ្ឋានផ្ទាល់

AKP កណ្ដាល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានថ្លែងថា ចំពោះ ការជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលប៉ុសិ៍រដ្ឋបាលទាំងអស់ ត្រូវជ្រើសរើសបេក្ខជនដែល មានសមត្ថភាព ហើយរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ ពីព្រោះដោយហេតុថាពួកគាត់ ទាំង នោះស្គាល់មូលដ្ឋានខ្លួនឯងយ៉ាងច្បាស់ និងងាយស្រួលធ្វើការងារជូនប្រជាពលរដ្ឋ ព្រមទាំងគ្រប់គ្រងមូលដ្ឋានមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សព្វថ្ងៃនេះមន្ដ្រីនគរបាលនៅតាមមូលដ្ឋានងាយស្រួលរកណាស់ ពីព្រោះក្មួយៗមានចំណេះដឹងច្រើនណាស់។ សម្ដេចក្រឡាហោមក៏បានរម្លឹកផងដែរថា កាលសម័យមុន ប៉ូលីសមួយចំនួនមិនចេះអក្សរ ឡើយ ហើយនៅសម័យនោះ រើសប៉ូលីសឱ្យតែបាន គ្មានគិតពីចំណេះឡើយ។

សម្ដេចក្រឡាហោមបានលើកឡើងថា ដើម្បីឱ្យការងារមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អគឺតម្រូវឱ្យមន្រ្តីនគរបាលរបស់យើងត្រូវមានទាំងបទពិសោធន៍ និងចំណេះ ដឹង ដែលចំណុចទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ហើយមិនត្រូវមានអំនួតចំពោះបុគ្គលខ្លួនឯង ទាំងដែលខ្លួនគ្មានសមត្ថភាពបំពេញការងារបាននោះឡើយ។ សម្ដេចក្រឡាហោមបានបន្ថែមថា “អ្នកខ្លះរៀនចប់ហើយ មកសុំស័ក្កិ ហើយសុំល្មមៗមិនអីទេ អ្នកខ្លះសុំហួសពេក មួយឆ្នាំឡើងពីរដងក៏មាន តែឱ្យទៅធ្វើការ ធ្វើអត់កើត”៕

ដោយ រិទ្ធី