រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា នឹងកាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេស

AKP កណ្ដាល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា នឹងកាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេស ហើយបណ្ឌិត្យសភានគរបាល នឹងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្នែកនគរបាលឱ្យមកបង្ហាត់បង្រៀន។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការកាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេស គឺមិនមែនមានន័យថា លុបបំបាត់ទាំងស្រុងឡើយ។ សម្ដេចក្រឡាហោមបន្ដថា ការចាត់បញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេស គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យការយល់ដឹងអំពីសមត្ថភាពមន្ដ្រីនគរបាល ឱ្យដើរទន្ទឹមនឹងការយល់ដឹង និងសមត្ថភាពរបស់នគរបាលតាមបណ្ដាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “ការសម្រេចចិត្តជាយុទ្ធសាស្ដ្រមួយថា យើងត្រូវតែម្ចាស់ការ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលដោយខ្លួនឯងនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវជាគោលការណ៍យុទ្ធសាស្ដ្រដ៏ត្រឹមត្រូវ ដែលខ្ញុំចង់បានជាយូរហើយ ខ្ញុំក៏ធ្លាប់និយាយហើយ មកដល់ពេលនេះយើងអាចចាប់ផ្ដើមចេញដំណើរបាន ចង់និយាយថា យើងអាចឈានកាត់បន្ថយបណ្ដើរៗ”។ សម្ដេចក្រឡាហោមបានលើកជាឧទាហរណ៍ថា យើងបានបញ្ជូនទៅក្រៅប្រទេសនេះ៥០០នាក់ ប្រទេសនោះ៤០០នាក់ តែឥឡូវយើងអាចបន្ថយ៧០ភាគរយ ឬកាត់បន្ថយ៣០ភាគរយ ឬកាត់បន្ថយ ៥០ភាគរយ និងឈានកាត់បន្ថយជាបន្ដបន្ទាប់។

សម្ដេចក្រឡាហោមបានកត់សម្គាល់ឃើញថា បណ្ឌិត្យសភានគរបាលកម្ពុជា បានកាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេស ប៉ុន្ដែបណ្ឌិត្យសភាត្រូវសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធផ្នែកនគរបាល ដោយចាត់បញ្ជូនគ្រូមកបង្ហាត់បង្រៀន។ ដូច្នេះ បណ្ឌិត្យ សភានគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ នឹងសិក្សាអំពីបញ្ហាខាងលើ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមដែរថា កាលពីពេលកន្លង បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានចាត់បញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេស ជាច្រើនផងដែរ៕

ដោយ រិទ្ធី