ឯកឧត្តម ទៀ សីហា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជា ចាន់តូ

AKP សៀមរាប ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២០

នៅព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពិភាក្សាការងារមួយចំនួនជុំវិញការ ផ្លាស់ប្តូរ និងតែងតាំងប្រធានថ្មី នៃធនាគារជាតិសាខាខេត្តសៀមរាប ។

នៅក្នុងជំនួបនោះ ឯកឧត្តមទេសាភិបាល បានបញ្ជាក់ពីគោលបំណងរបស់គណៈប្រតិភូ គឺពិភាក្សាការងារ និងធ្វើការបង្ហាញមុខលោកប្រធានថ្មីសាខាធនាគារខេត្តសៀមរាប ដែលទើបបានប្រកាសចូលកាន់មុខតំណែងថ្មី ជំនួសលោក ប្រធានចាស់ដែលបានចូលនិវត្តន៍ ដោយឯកឧត្តមបានគូសបញ្ជាក់ថា លោកប្រធានថ្មីនេះ ដើមឡើយជាប្រធាន សាខាធនាគារខេត្តបន្ទាយមានជ័យ ហើយត្រូវបានផ្លាស់ប្តូរមកកាន់ជា ប្រធានសាខា ធនាគារខេត្តសៀមរាប។ លោកស្រីអនុប្រធានសាខាធនាគារ ខេត្តសៀមរាប ក៏ត្រូវបានផ្លាស់ ប្តូរឱ្យទៅកាន់មុខតំណែងជាប្រធាន សាខាធនាគារ ខេត្តបន្ទាយមាន ជ័យផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ ក៏បានកោតសរសើរពីភាពដឹកនាំរបស់ ឯកឧត្តមអភិបាលខេត្តវ័យក្មេង ដែលមានវិធីសាស្ត្រ និងវិធានការល្អៗមួយចំនួនក្នុងកិច្ច អភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះឱ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ទោះបីនៅលើពិភពលោក បានកំពុងជួបនូវវិបត្តិកូវីដ១៩ ក៏ពិតមែន តែខេត្តសៀមរាប ក៏មិនបន្ធូរបន្ថយពីកិច្ចអភិវឌ្ឍន៍ និងការស្តារឡើងវិញ លើហេដ្ឋា រចនាសម្ព័ន្ធក្នុងក្រុងឡើយ។

ឯកឧត្តមទេសាភិបាល ក៏បានលើកនូវគំនិតល្អៗមួយចំនួនដោយផ្តោតសំខាន់ទៅ លើទេសចរណ៍បៃតង ដោយយើងរួមគ្នាធ្វើការដាំឡើងវិញនូវព្រៃឈើទាំងឡាយ ដែលរងការ កាប់បំផ្លាញពីក្រុមជនឧក្រិដ្ឋព្រៃឈើ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននៃភពផែនដី និងធ្វើឱ្យមានការបម្រែបម្រួលអាកាសធាតុនៃភពផែនដីទៀតផង។

នាឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែង អំណរគុណចំពោះ លោកអតីតប្រធានធនាគារចាស់ ដែលបានរួមសហការល្អជាមួយអាជ្ញាធរខេត្ត ក្នុងពេលដែល យើងកំពុងជួបនូវវបត្តិកូវីដ១៩ ក្នុងការសម្របសម្រួលដល់ បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការបន្ធួរបន្ថយដល់បងប្អូនជាប្រតិបត្តិករទេសចរ ផ្ទះសំណាក់ និងប្រជាពល រដ្ឋដែលជាប់ បំណុលក្នុងខេត្ត។ ក្នុងនោះដែរឯកឧត្តម ក៏បាន ទទួលស្វាគមន៍ចំពោះលោកប្រធានថ្មី ដែលទើបចូលកាន់តំណែង ព្រមទាំងសុំឱ្យមាន កិច្ចសហការល្អជាមួយគ្នាបន្តទៅទៀត ក្នុងពេលធ្វើការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់នូវជំងឺ កូវីដ១៩ កុំឱ្យមានការរីករាលដាលនៅ ក្នុងសហគមន៍។

ឯកឧត្តម ទៀ សីហា ក៏បានជម្រាបជូនប្រតិភូទេសាភិបាលធនាគារជាតិនៃកម្ពុជា ផងដែរ អំពីគម្រោងរបស់ខេត្តនៅថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខាងមុខនេះ អាជ្ញាធរខេត្តនឹង ធ្វើការរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២០ ដើមី្បធ្វើការស្តារ ឡើងវិញនូវវិស័យទេចរណ៍នៅខេត្តសៀមរាប ព្រមទាំងបានបញ្ជាក់ផង ដែរអំពីវិធានការ ការពារជំងឺកូវីដ ១៩ ក្នុងពេលប្រារព្ធពិធីនេះផងដែរ៕

ដោយ ហង្ស សៀក