គោក្របីប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កំពុងទទួលបានការចាក់វ៉ាក់សាំង​ការពារជំងឺសារទឹក

AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

​ក្រុ​មភ្នាក់ងារពេទ្យសត្វ មន្ត្រី ​អាជ្ញាធរ​ដែនដី ​និងប្រជា​កសិករនៅក្នុងខេត្តបន្ទាយមាន ជ័យ​ បាន និងកំពុងរួមគ្នាជំរុញយុទ្ធនាការចុះចាក់វ៉ាក់សាំង ការពារបង្ការជំងឺសារទឹកដល់សត្វ គោ​ក្របីនៅ​តាម​មូលដ្ឋានគោលដៅ ដើម្បីធានាដល់សុខភាពសត្វ​ឱ្យបានល្អប្រសើរនោះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅក្នុងថ្ងៃយុទ្ធនាការចុះ ចាក់វ៉ាក់សាំងការពារបង្ការជំងឺសារទឹកគោក្របីប្រជាពលរដ្ឋជាង៣០០ក្បាល នៅក្នុងភូមិថ្មី​ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត កាលព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា ការចាក់វ៉ាក់សាំង នេះ បានធ្វើឡើងក្នុងគោលបំណងសំដៅជួយធានាការពារដល់សុខភាព សត្វគោក្របីរបស់ ប្រជាកសិករយើងឱ្យ​ ​ ​វា​ឆាប់​ធំធាត់​ហើយ​លក់ដូ​រ​បាន​តម្លៃ​សមស្រប​ដើម្បីបង្កើន​ចំណូល​ចិញ្ចឹម​ជីវភាពគ្រួសារ​​​​កាន់តែប្រសើរឡើងថែមទៀត។​
ក្នុងឱកាសនោះដែរឯកឧត្តមអ៊ុំរាត្រីបានណែនាំដល់បងប្អូន ប្រជា​កសិករ ដែលចិញ្ចឹម សត្វ​គោក្របីឱ្យនាំយកមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺ សារទឹកនេះ ពីមន្ត្រីជំនាញពេទ្យ សត្វដែលកំពុងចុះនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា ចៀសវាងសត្វគោក្របី រងគ្រោះដល់មានជំងឺ ឬ ងាប់ដែលនាំឱ្យខាតបង់ប្រយោជន៍នោះ។

លោក ​ឃូពៅ អភិបាល​​ស្រុក​ព្រះនេត្រព្រះ​បានប្រាប់ឱ្យដឹងដែរថា សព្វថ្ងៃនេះនៅតាម​ភូមិតាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​នានា​នៃ​ស្រុក​ព្រះនេត្រព្រះ មានការ​ផុលផុស​ក្នុងការចិញ្ចឹមសត្វ​ពាហន​:ពិសេស​ចិញ្ចឹមសត្វ​គោសាច់ដើម្បីលក់សម្រាប់បង្កើនចំណូលដល់ជីវភាពគ្រួសារបាន​ធូរធាជាលំដាប់។

លោក ​ប៉ាង វណ្ណាសេដ្ឋ ប្រធាន​ម​ន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្តបន្ទាយមាន ជ័យ​​បានឱ្យដឹងថា​ ក្នុង​ឆ្នាំ​២០២០​នេះ ស្ថានភាព​សុខភាព​សត្វ​គោក្របី​នៅ​ខេត្ត​នេះ​មាន​លក្ខណ​:​ល្អ​ប្រ​សើរ មិនមាន​ផ្ទុះ​ករណី​ជំងឺសារ​ទឹក អុតក្តាម បូស​ខ្យល់ ឬជំងឺផ្សេងៗ​​​នោះទេ។
​​​លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ​បន្តទៀតថា​ កសិករ​ចាត់ទុក​ការចិញ្ចឹម​សត្វគោក្របី​ទាំងនេះ​ ដើម្បីសម្រាប់​លក់ដូរធ្វើ​ជំនួញ​។ ពោលគឺ​ជា​របរ​សំខាន់​សម្រាប់​រក​ចំណូល​ចិញ្ចឹម​ជីវភាពបន្ទាប់ពី​ធ្វើស្រែចំការ​ និង​របរ​ផ្សេងទៀត​ក្នុង​និង​ក្រៅ​ភូមិ​។
​​​​លោក ​ប៉ាង វណ្ណា​សេដ្ឋ ក៏បាន​សំណូមពរ​កសិករ​​ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​តាមដាន​លើ​ការចិញ្ចឹម ​និង​សុខភាព​សត្វ ​​មុនគេត្រូវ​សហការ​ជាមួយ​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ ហើយ​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ការពារជា​វិធាន​ការការពារ​មុន​ដូច្នេះ​វា​ល្អប្រសើរ​ជាង ​តែបើ​ទុក​ឱ្យ​វា​ឈឺ​វិញ ការព្យាបាល​ពិបាក​ព្រោះ ដូច​ជំងឺសារ​ទឹក អុតក្តាម​ជាដើម​វា​បង្ក​ទៅជា​ស្ថានភាព​ធ្ងន់ធ្ងរ​លឿនពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​នេះ។​
​​​​​
របាយការណ៍​ម​ន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ប្រចាំ​ឆមាស​ទី​១ ​ឆ្នាំ​២០​២០​នេះ ​ឱ្យដឹងថា ​ការចិញ្ចឹម​សត្វ​គោ​មាន​ជិ​ត​១០​ម៉ឺន​ក្បាល គឺ​កើនឡើងប្រមាណ​១​ម៉ឺន​ក្បាលបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងមកនេះ៕

ដោយឈុនសារ៉ាត