សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យវិស័យនគរបាលត្រូវធ្វើកំណែទម្រង់ច្រើនទៀត

AKP កណ្ដាល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន​ជំរុញ​ឱ្យ វិស័យនគរបាលត្រូវធ្វើកំណែទម្រង់ច្រើនថែមទៀត ដូចវិស័យផ្សេងៗទៀតផងដែរ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃ ការអនុវត្តផែនការយុទ្ធសាស្ត្ររយៈ ពេល៥ឆ្នាំ (២០១៥-២០១៩) និងទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យ​សភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា “ខ្ញុំបានផ្តល់គោលការណ៍ថា មុននឹងយើងទទួលយកសិក្ខាកាមណា​មួយមករៀន ត្រូវពិនិត្យមើល ហើយពិនិត្យឃើញថាបើមានសិក្ខាកាមណាមួយធ្លាប់រៀន​ហើយគួរបញ្ជូនទៅវិញនេះទី១។ ចំណែកទី២ គឺនាយកដ្ឋានបុគ្គលិកត្រូវចង្អុលធ្វើផែនការ ដើម្បីបញ្ជូនអ្នកដែលមិនទាន់រៀន មករៀន ហើយទន្ទឹមនោះអង្គភាពប្រើប្រាស់​កម្លាំង(មិន​​ថាអធិការនគរបាល ឬស្នងការនគរបាល ឬអគ្គស្នងការនគរបាល ឬអង្គភាពក្រោម​ចំណុះ) ត្រូវយកចិត្តទុកដាក់ផ្តល់តម្លៃ នៃមន្ត្រីដែលបណ្តុះបណ្តាលនោះ”។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជាមួយគ្នានេះ ក៏មានមន្ត្រីយើង ដែលបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចេះជំនាញ ប៉ុន្តែអត់មានគុណធម៌ក៏មាន។ សម្ដេច​ក្រឡាហោមបានថ្លែងថា “ពេល​រៀនបានច្រើនចេះដឹងច្រើន តែពេលចេញទៅវិញ​ធ្វើ​សកម្មភាពផ្តេសផ្តាស អាហ្នឹងមានដែរ ជួនអីទៅធ្វើសកម្មភាពចោរប្លន់ ចោលលួច​អាហ្នឹងក៏មាន តែអាហ្នឹងរឿងផ្សេង។ ប៉ុន្តែអ្នកដែលមានគុណភាពល្អ ប្រវត្តិល្អ ចំណេះដឹង ល្អ ដែលលុតដំល្អត្រូវប្រើប្រាស់ ដោយចៀសវាងគំនិតថាបើប្រើមិនបានបញ្ជូនទៅរៀន”។

សម្តេចក្រឡាហោម ស ខេង បានបន្ដថា កុំអាងអ្វីពេលប្រើធ្វើមិនបាន ហើយបញ្ជូន មករៀន រហូតធ្វើឱ្យគាត់ក្លាយជាមុខរបរៀនមួយមុខឱ្យសោះ។ ឥឡូវសម្ដេចគិតថាមិន​សូវ​មាន​ទេ ប៉ុន្តែពេលមុនមានច្រើន ហើយពេលនេះយើងធ្វើការបណ្តុះបណ្តាល​ ដោយធ្វើ​បញ្ជីឈ្មោះត្រឹមត្រូវ អីចឹងមិនអាចកើតមានទេ។ សម្តេចក្រឡហោមបានបន្តទៀតថា ពេលត្រូវធ្វើកំណែរទម្រង់ដោយត្រូវធ្វើបញ្ជីឈ្មោះ ហើយចុចឱ្យរៀនតែម្តង ព្រោះថាការ ធ្វើកំណែទម្រង់មានច្រើន ដោយមិនអាចនិយាយបានទទេដោយចាំមាត់នោះទេ គឺយក​ចំណុច​នោះមកធ្វើផ្ទាល់តែម្តង ដើម្បីដោះស្រាយផ្ទាល់ទើបដឹងច្បាស់ និងបង្ហាញពី​សមត្ថ​ភាពអាចធ្វើបាន ឬមានគុណភាពគ្រប់គ្រាន់។

​សម្តេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “ពេលមុនយើងប្រើពាក្យថាមានតែវាខ្វះ ចង់​ប្រែថាវាមាន ប៉ុន្តែមនុស្សមិនចេះធ្វើការអ្វីទេ មានតែក្របខ័ណ្ឌ។ តែពេលនេះយើង​លុប​បំបាត់ទាំងនេះ គឺចង់មានន័យថា មានតែមនុស្ស មានគុណភាព គុណធម៌ សមត្ថភាព យើងធ្វើបែបនេះជាការល្អ ដើម្បីកុំឱ្យមានតែមនុស្ស អត់មានការងារ គឺមានទាំងមនុស្ស មានទាំងសមត្ថភាព។”

សម្តេចក្រឡាហោម ស ខេង ក៏បានស្នើដល់នាយកដ្ឋាន អគ្គនាយករដ្ឋាន ត្រូវធ្វើ​ការវិភាគមុខងារឱ្យច្បាស់ថាខ្លួនត្រូវធ្វើការអ្វីខ្លះ ហើយត្រូវធ្វើការស្រាវជ្រាវឱ្យច្បាស់​ចំពោះ​គេថាគេចេះដឹងជំនាញអ្វីខ្លះ មានប្រវត្តិពីណា ដោយកុំប្រើតែមនោសញ្ចេតនាថា​នេះក្មួយ​ខ្ញុំ ចេះនេះ ចេះនោះ ប៉ុន្តែចុងក្រោយធ្វើមិនកើត។ ត្រង់ចំណុច នេះ សម្ដេចក្រឡា​ហោមចង់​បញ្ជាក់ដែរថា យើងមិនត្រូវធ្វើទេ បើយើងមានកន្លែងក្របខ័ណ្ឌ​១០០នាក់ ហើយមន្ត្រី១០០​នាក់ ត្រូវតែស្មើភាពគ្នាក្នុងការធ្វើការ។

​សម្តេចក្រឡាហោមបានបន្ថែមថា ការធ្វើកំណែទម្រង់លើវិស័យនគរបាលមាន​ច្រើន​ទៀតត្រូវខិតខំធ្វើទាំងអស់គ្នា មិនថាកំណែទម្រង់វិស័យនគរបាលទេ គឺមានវិស័យ​ច្រើនផ្សេងទៀតត្រូវធ្វើ តែពេលនេះទើប ស្នើសុំទៅរាជរដ្ឋាភិបាល៕

ដោយ ប៊ុនរិទ្ធ