ឯកឧត្តម វេង សាខុន ចុះជួបសំណះសំណាលជាមួយប្រជាកសិករនៅខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងសហការីបានអញ្ជើញចុះ ជួបសំណេះសំណាលជាមួយប្រជាកសិករ និងចែកតង់ប្លាស្ទិកកូនត្រីអណ្តែង កូនកង្កែប ចង្រិត និងចំណីត្រីដល់កសិករ ចំនួន៥០គ្រួសារ នៅភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមាន ជ័យខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាន រាយការណ៍ថា នៅក្នុងបរិការណ៍នៃការរាលដាលជំងឺកូវីដ-១៩នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានទទួលកញ្ចប់ថវិកា ពិសេសពីរាជរដ្ឋាភិបាលតាមរយៈក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទសម្រាប់ចុះអនុវត្តន៍ សកម្មភាពគាំទ្រទុន និងបច្ចេកទេសចិញ្ចឹមត្រីអណ្តែងចំនួន១០០គ្រួសារ កសិករចិញ្ចឹមកង្កែប ចំនួន៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន០៥គ្រួសារ។ ក្រៅពីនេះក៏នៅមានគម្រោងដៃគូ ផ្សេងទៀតបានចូលរួមចំណែកក្នុងការផ្តល់នូវបច្ចេកទេស ដល់កសិករចិញ្ចឹមត្រីចំនួន ២៥០គ្រួសារ និងចងក្រងជាបណ្តុំកសិករចំនួន០២បណ្តុំ ដើម្បីងាយស្រួលក្នុងការ ចរចាជា មួយទីផ្សារ។

លោកប្រធានមន្ទីរ ក៏បានបង្ហាញពីបទពិសោធន៍នៃការចិញ្ចឹមកង្កែប និងត្រីអណ្តែង ក្នុងតង់ប្លាស្ទិករបស់ អ៊ុំ ហុកលី ជាកសិកររស់នៅក្នុងភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ។ កសិកររូបនេះបានចាប់ផ្តើមសាកល្បងចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទិក នៅឆ្នាំ២០១៨ ចំនួន០៥តង់ សរុប៦០ម៉ែត្រក្រឡា និងចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិក ចំនួន០២ តង់សរុប៤០ម៉ែត្រក្រឡា។ ជាមធ្យមលោកអាចចិញ្ចឹមកង្កែប និងត្រីអណ្តែងបាន ក្នុងមួយឆ្នាំ៣ដង ក្នុងនោះកង្កែបចាប់លក់១៨០០គីឡូក្រាម ក្នុងមួយឆ្នាំទទួលបានប្រាក់ ចំណេញប្រមាណ១០,៥លានរៀល និងត្រីអណ្តែងចាប់លក់បាន ២៧០០គីឡូក្រាម ក្នុងមួយ ឆ្នាំទទួលបានប្រាក់ចំណេញប្រមាណជាង២៤លានរៀល។

ឯកឧត្តម វេង សាខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមក ជួប សំណេះសំណាលជាមួយបងប្អូនប្រជាកសិករហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវ បណ្តាំ ផ្ញើសាកសួរសុខទុក្ខដល់ប្រជាកសិករទាំងអស់ ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលលោកទាំងពីរតែងតែ នឹករលឹក និងខ្វល់ខ្វាយពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។ នៅក្នុងបរិការណ៍នៃបញ្ហារាលដាលជំងឺកូវីដ-១៩នេះ ដើម្បីធានាសន្តិសុខស្បៀងបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាកសិករ សម្តេចតេ ជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធនាការជំរុញការអនុវត្តសកម្មភាព វារីវប្បកម្មនៅ ទូទាំងប្រទេស ជាក់ស្តែងនៅព្រឹកនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាននាំយកមក នូវសម្ភារមួយចំនួន ដើម្បីចែកជូនកសិករជានិម្មិតរូបចំនួន៥០គ្រួសារ ដោយមួយគ្រួសារ ទទួលបានកូនត្រីអណ្តែង៧០០ក្បាលឬកូនកង្កែប៤០០ក្បាល និងចំណីចំនួន១០០គីឡូ ក្រាម។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់កសិករគ្រប់រូបខិតខំប្រឹងប្រែងក្នុងការចិញ្ចឹម ដើម្បីធានាការផ្គត់ផ្គង់ទីផ្សាររបស់យើងឱ្យបានពេញលេញ ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បាន ណែនាំ ដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តមេត្តាផ្តល់ការគាំទ្របច្ចេក ទេសឱ្យបានពេញលេញ និងតាមដានពិនិត្យក្នុងករណីកសិករជួបបញ្ហាប្រឈមនានាដើម្បី ដោះស្រាយបានទាន់ពេលវេលា ហើយក៏ត្រូវរៀបចំយន្តការដោះស្រាយទីផ្សារជូនកសិករ ចៀសវាងបញ្ហាអស្ថិរភាពតម្លៃ៕

ដោយ ទិត ស៊្រ